នៅលើភពផែនដីយើងនេះ ខ្មោចពិតជាមានមែន

សាច់រឿងសង្ខេប

នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំបានទៅធ្វើការនៅខេត្តកំពង់ធំ ជាបុគ្គលអភិវឌ្ឍសហគមន៍, ថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥, ខ្ញុំនិងមិត្តភក្តឯទៀត ត្រូវបានពួក ប៉ុល ពត បញ្ជូនទៅមន្ទីរសន្តិសុខ នៅភូមិតាពោ ស្រុកសន្ទុក ខេត្តកំពង់ធំ, បន្ទាប់មក គេបានបញ្ចេញពួកខ្ញុំ  ឲ្យទៅនៅភូមិ​ ជាំ ស្រុក សណ្តាន់ ខេត្តកំពង់ធំ, នៅបានមិនដល់១ខែផង គេឲ្យទៅកាប់ព្រៃធ្វើផ្ទះ សំរាប់​ ស្នាក់នៅខ្លួនឯង នៅក្នុងព្រៃ កយាដងក្តារ ស្រុកសណ្តាន់ ពួកយើងបានខិតខំដាំដំឡូងមី មិនទាន់ បានហូបមើមផង ពួកប៉ុក ពត ក៏បញ្ជូនពួកយើង ឲ្យទៅរស់នៅ ក្នុងភូមិស្វាយជ្រុំ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

បន្ទាប់មក ពួកយើង ត្រូវបានគេបញ្ជូនបន្ត ឲ្យទៅរស់នៅក្នុងភូមិ ស្វាយកាល់ ស្រុកសន្ទុក ទីនេះហើយដែលពួក ប៉ុល ពត យក ខ្ញុំ និង "អ្នក១៧ មេសា" (ពាក្យសំគាល់អ្នកជន្លៀស ពីរបប លន់ ណុល) ទាំងអស់ទៅសម្លាប់ នៅជើងភ្នំ សន្ទុក ខ្ញុំដោយមានខ្មោចជួយនាំផ្លូវ បានរត់រួចទៅនៅភូមិ ស្រែវាល ស្រុកចំការលើ ខេត្តកំពង់ចាម "ជាកន្លែងដែលខ្ញុំធ្លាប់រៀន សាលាបាលីរងនៅទីនេះ" នៅបាន២សប្តាហ៍ ខ្ញុំត្រូវបាន ពួកគេយក ទៅសម្លាប់ម្តងទៀត តែសំណាងល្អ ខ្ញុំបានរត់រួចម្តងទៀត ធ្វើដំណើរ ត្រាច់ចរកាត់តាមព្រៃស្រោង ទួលឃ្លាំង ទៅដល់ទន្លេ មេគង្គ ក៏យកទូកគេ អុំឆ្លងទៅត្រើយម្ខាង ដើរកាត់ចំការពោត ចំការឪឡឹក ព្រៃឬស្សី ចំការកៅស៊ូ, ទៅជិតដល់ភូមិ រការប្រាំ ទើបដើរកាត់ តាមវាលស្រែ សំដៅទៅ ភូមិទេព្វនិមិត្ត ។

នៅចុងខែ វិច្ឆិកា ឆ្នាំ១៩៧៨ ខ្មុំត្រូវបានពួក ប៉ុល ពត ស្រង់ឈ្មោះ ប្រុងយកទៅសម្លាប់​ ម្តងទៀត តែចៃដន្យល្អនៅខែធ្នូ ឆ្នាំ១៩៧៨ ភូមិទេព្វនិមិត្ត ត្រូវបានរំដោះ "គឺរំដោះមុន ថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩" ខ្ញុំបានរួចខ្លួនជាស្ថាពរ ចាប់តាំងពីពេលនោះមក ។

ការផ្សងព្រេងប្រថុយគ្រោះថ្នាក់ ក្នុងរបបប៉ុលពត

ការរៀបរាប់មកខាងលើនេះ គឺជាការសង្ខេប តែសាច់រឿងមិនមែនធម្មតាឡើយ ខ្ញុំកើតឆ្នាំ ១៩៥០ ជាកូនកសិករនៅក្នុង ភូមិគរ (ជួនកាលគេហៅភូមិកណ្តាល) ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ហើយជំនាន់ឥស្សរៈ ឪពុកម្តាយខ្ញុំរួមជាមួយអ្នកភូមិ ត្រូវបានជន្លៀស មក នៅភូមិក្បាលអូរមួយរយៈ ដល់ស្រុកសន្តិភាព រដ្ឋអំណាចស្រុកបានបង្កើតភូមិថ្មី ចម្ងាយ ប្រមាណ១គីឡូម៉ែត្រ នៅខាងជើង​ភូមិក្បាលអូរ, ឪពុកម្តាយខ្ញុំ ព្រមទាំងអ្នកភូមិ ដទៃទៀត មួយចំនួន បានមកនៅភូមិថ្មីឈ្មោះភូមិទេព្វនិម្មិត្ត ហើយអ្នកភូមិមួយចំនួន បានវិលទៅនៅ ភូមិកណ្តាលវិញ ។

ដំបូងខ្ញុំរៀននៅ សាលាបឋមសិក្សា ភូមិទេព្វនិម្មិត្ត ក្រោយមករូបខ្ញុំ និងបងប្រុសរបស់ខ្ញុំ ត្រូវបាន ឪពុកម្តាយបញ្ជូន ឲ្យទៅរៀនសូត្រនៅវត្តគរ ឃុំគរ ស្រុកត្បូបឃ្មុំ ខេត្តកំពង់ចាម លុះដល់ អាយុបាន ១៤ ឆ្នាំខ្ញុំត្រូវបានបំបួសជាលោកសង្ឈសាមនេ នៅវត្តគរ ហើយឆ្នាំ ១៩៦៥ បានចេញទៅសិក្សាសាលាបាលីរងថ្នាក់ទី១ នៅវត្តខ្នារ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម នៅឆ្នាំ ១៩៦៦ ដោយវត្តខ្នារគ្មានថ្នាក់ទី២ ខ្ញុំបានទៅរៀននៅវត្តភ្នំដិល ឃុំ តាំងក្រាំង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយឆ្នាំ ១៩៦៧ បានទៅរៀនថ្នាក់ទី៣ នៅវត្ត ស្រែវាល ឃុំស្រែវាល ស្រុកចំការលើ ខេត្តកំពង់ចាម នៅកំឡុងពាក់កណ្តាលឆ្នាំ ១៩៦៧ ខ្ញុំបានប្រឡងជាប់ ចូលរៀននៅ ពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត្យភ្នំពេញ ។

ឆ្នាំ១៩៧១ ខ្ញុំបានប្រឡងជាប់សញ្ញាប័ត្រ ពុទ្ធិកវិទ្យាល័យបឋមភូមិ(ឌីប្លូម) ហើយនៅឆ្នាំ ដដែល ខ្ញុំបានលាចាកសិក្ខាបទ ទៅរៀននៅវិទ្យាល័យកំពង់ចាមថ្នាក់ទី២(សឺហ្គុង) នៅ ឆ្នាំ១៩៧២-១៩៧៣ រៀននៅវិទ្យាល័យ ភ្នំដូនពេញ នាក្រុងភ្នំពេញថ្នាក់ទី១ ហើយបាន ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិកំរិត១ (បាក់អង) ឆ្នាំ១៩៧៤ប្រឡង់ជាប់ ជាបុគ្គលិកអភិវឌ្ឍសហគមន៍ ហើយបានទៅធ្វើការនៅ ទីរួមខេត្តកំពង់ធំ នៅឆ្នាំ១៩៧៤ ដដែលខ្ញុំបានជាប់សញ្ញាប័ត្រ ទុតិយភូមិកំរិត២ (បាក់ឌុប)ក្នុងអារម្មណ៍របស់ខ្ញុំ នៅតែចង់បន្តការសិក្សា ថ្នាក់បរិញ្ញាតទៅទៀតឆ្លៀតពេលទំនេរ ខ្ញុំតែងតែអាន សៀវភៅអក្សរសាស្ត្រ ថ្នាក់បរិញ្ញា ដើម្បីមានចំណេះដឹងស្រួលបន្តការសិក្សានៅភ្នំពេញ ខ្ញុំបានធ្វើលិខិតដាក់ពាក្យ សុំផ្លាស់ពីខេត្តកំពង់ធំ ទៅធ្វើការនៅទីក្រុងភ្នំពេញ ប៉ុន្តែនាយបេសកកម្មរបស់ខ្ញុំ លោកមិនទាន់សម្រេច យ៉ាងណានៅឡើយទេ មានថ្ងៃមួយនោះ ខ្ញុំបានរួមដំណើរជាមួយថ្នាក់លើមួយចំនួន ទស្សនាខ្សែក្រវាត់ ការពារក្រុងកំពង់ធំ ពេលនោះ ប្រធានផ្នែករដ្ឋាលអភិវឌ្ឍសហគមន៍លោក គឹម សួរ បានសួរខ្ញុំថា ហេតុអ្វីបានជាចង់ទៅធ្វើការនៅភ្នំពេញ ខ្ញុំបានជម្រាបគាត់ថា មូលហេតុគឺខ្ញុំចង់រៀនបន្តយក សញ្ញាប័ត្របរិញ្ញា គាត់ថាធ្វើការទីនេះហើយ រៀនខ្លួនឯងដាក់ប្រឡងជាបេក្ខជនស្វាយរិនទៅ បើធន់ទ្រាន់ខ្លាំងរកប្រពន្ធមួយទៅ ខ្ញុំក៏បានឆ្លើយថាអញ្ចឹងលោកគ្រូឯងជួយរកឲ្យខ្ញុំមួយផង គាត់ក៏បាននាំខ្ញុំទៅមើលកូនក្រមុំគេផ្ទះនៅក្បែរកន្លែងខ្ញុំស្នាក់នៅ នាងស្អាតដែរតែរាងធាត់បន្តិច និងរាងមូលមិនមានរាងរៅ ខ្ញុំក៏នៅស្ងៀមមិនអើពើ គាត់ក៏ប្រាប់ខ្ញុំឲ្យទៅមើលកូនគេម្នាក់ទៀត គាត់គ្រាន់តែប្រាប់តំរុយផ្លូវមិនជូនទៅទេ ហើយនៅពេលថ្ងៃទំនេរខ្ញុំបានដើរតាមតំរុយដែលគាត់ប្រាប់ ដោយមិនទាំងជឿខ្លួនឯងថាលោកគ្រូ ហៀក លីឃាងមានប្អូនក្រមុំទេ ព្រោះធ្វើការជាមួយគាត់រាល់ថ្ងៃ មិនដែលឃើញប្អូនរបស់គាត់ទេ លុះពេលជិកដល់ផ្ទះកូនក្រមុំគេខ្ញុំបានជួបមិត្តភក្តិខ្ញុំ៤នាក់ដែលបានជួលផ្ទះគេនៅក្បែនោះពួកគេសួរខ្ញុំថាហ្អែងមកទីនេះមានការអី ខ្ញុំប្រាប់គេតាមត្រង់ថាមកមើលកូនក្រមុំគេត្រូវជាប្អូនបង្កើតលោកគ្រូឃាងពួកគេដែលកំពុងលួចមើលប្អូនលោកឃាងដែរក៏បាននិយាយថា អើប្អូនលោកគ្រូឃាងស្អាតមែន ហើយឧស្សាហ៍ណាស់ពេលព្រឹកដងទឹកស្រោចដំណាំ ពេលល្ងាចដើរបេះដង្កូវចេញពីដើមថ្នាំជក់ មិនដែលចេះនៅទំនេរទេ ពេលកំពុងតែនិយាយគ្នា ប្អូនលោកគ្រូឃាងក៏ចេញមករាយបាយខាងក្រៅ លោកគ្រូ គង្គា, សូ គីស្រុយ ដែលលួចមើលយូរហើយក៏ប្រាប់ថានោះនកូនក្រមុំចេញមកហើយ ខ្ញុំក៏ក្រឡេកមើលទៅនាងកំពុងតែដើរចូលផ្ទះវិញ ឃើញតែពីក្រោយខ្នងមានរាងស្អាតមែនគឺរាងមិនមូលដូចត្បាល់កិចដាច់រង្វាន់ទេ តែគួរឲ្យស្តាយឃើញតែពីក្រោយខ្នង អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងនោះគឺពួកម៉ាក ដែលជួលផ្ទះនៅក្បែរនោះគេបានប្រាប់ខ្ញុំថា កូនម្ចាស់ផ្ទះ(លោកគ្រូទុំ)ដែលគេជួលបម្រុងចូលស្តីដណ្តឹងឲ្យកូន ប្រុសរបស់គាត់ ហើយបើមិនចូលស្តីក្នុងខែនេះទេលោកគ្រូ សូ គីស្រុយ នឹងទៅភ្នំពេញឲ្យឪពុកម្តាយគាត់មកចូលដណ្តឹងហើយ គិតទៅមនុស្សមិនថារូមខ្ញុំឬរូមគេតែងតែចង់ប្រកួតប្រជែង ដំបូងខ្ញុំគិតថាចេះតែមកមើលឲ្យអស់ចិត្តទៅបំណងធំរបស់ខ្ញុំគឺទៅភ្នំពេញដើម្បីរៀនយប់បន្តយកសញ្ញាប័ត្របរិញ្ញា តែដល់ឮថាមានគេបំរុងចូលស្តីដណ្តឹង ក៏មានកូនចិត្តមួយចង់ប្រកួតប្រជែង ពេលស្អែកឡើងលោកគ្រូ គឹម សួរ បានសួរខ្ញុំថាផេងយ៉ាងមេចទៅហើយ ពេញចិត្តឬទេ? ខ្ញុំក៏បានឆ្លើយប្រាប់គាត់ថា បាទពេញចិត្តលោកគ្រូឯងជួយសួរឲ្យខ្ញុំមើល? បានដូចចិត្តលោកគ្រូ គឹម សួរ ក៏បានទៅពិភាក្សាជាមួយលោកគ្រូឃាងពីបញ្ហានេះ ចាប់ពីពេលនោះមកមិនដឹងជាយ៉ាងមេចទេខ្ញុំចាប់ផ្តើមខ្មាស់លោកគ្រូឃាង មិនហ៊ានមើលមុខគាត់ឲ្យចំទេ ពេលចូលស្តីដណ្តឹងហើយចាប់ផ្តើមភ័យអរៗ មិនដូចក្មេងឥឡូវទេបើបានស្រឡាញ់គេទៅមើលមុខគេព្រឹកល្ងាចៗបើមិនបានឃើមុខគេ ឃើញតែផ្ទះគេក៏បានដែរមានអ្នកខ្លះវេចទាំងខ្នើយកន្ទេលទៅដេកមើលមុខគេទៀតផង ចំពោះខ្ញុំគឺឥតដែលទៅមើលមុខគេទាល់តែសោះ គឺបានឃើញកូនក្រមុំគេពីក្រោយតែម្តងគត់មិនដែលទៅមើលទៀតទេព្រោះមានការខ្មាស់អៀនខ្លាំងណាស់។រំលងមកបាន០២ថ្ងៃ លោកគ្រូ គឹម សួរ បានសុំថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំ និងបានប្រាប់ខ្ញុំថាគេបើកភ្លើងខៀវហើយ ខ្ញុំមុនដំបូងខ្ញុំចង់លាក់ថ្ងៃខែឆ្នាំពិតដែរព្រោះខ្ញុំកើតឆ្នាំខាល (ខ្លា)ពាក្យចាស់ៗខ្មែរច្រើននិយាយថាមិនសូវល្អគេមិនសូវចង់បានកូនប្រសារដែលកើតឆ្នាំខាលទេឆ្នាំនេះកាចណាស់ តែដល់គិតសព្វៗទៅមិនដឹងជាលាក់ធ្វើខ្មោចអ្វី ខ្ញុំគិតខ្លីតាមធម៌ព្រះថាបើគូរគឺគង់តែបាន ហើយបើមិនបានក៏ហីទៅចុះខ្ញុំនឹងទៅធ្វើការនៅភ្នំពេញវិញឲ្យបាត់ពីមុខគេតែម្តងកុំឲ្យខ្មាស់គេ ស្អែកឡើងលោកគ្រូ សួរ បានបា្រប់ខ្ញុំថាគេឲ្យហើយឆ្នាំលោកគ្រូផេងឯងតាមក្បួនដំរាចិនគេថាល្អណាស់ ខ្ញុំឮដូច្នេះអរភឺត!ហើយគិតថាអុញនោះឆ្នាំខាលតាមក្បួនចិនល្អទេតើ គ្រោះជានឹងលាក់កុំអីសយធំហើយអញអាពាហ៍ពិពារបស់ខ្ញុំឆាប់ណាស់ ចាប់ពីថ្ងៃដែលគេថាOK បានតែមួយសប្តាហ៍គឺការតែម្តង នៅគឺនៅ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧៥ រៀបការនៅខេត្តកំពង់ធំ ពេលកំពុងរៀបការខ្ញុំបាននឹកស្រណោះទៅដល់ឪពុកម្តាយនៅខេត្តកំពង់ចាម នៅក្នុងតំបន់រំដោះរបស់ខ្មែរក្រហមលោកមិនបានមកអង្គុយនៅក្បាលកន្ទេលចងដែកូនប្រុសស្រីទេ ហើយក៏មិនអាចផ្ញើដំណឹងនេះទៅតាមណាដែរ គិតសព្វៗទៅ ខ្ញុំលួចស្រក់ទឹកភ្នែកម្នាក់ឯងឱជីវិតខ្ញុំអើយហេតុអ្វីក៏កំសត់ម្ល៉េះ ឪពុកម្តាយបានផ្ចុងផ្តើមឲ្យបានរៀនសូត្រ មិនមានលុយកាក់គ្រប់គ្រាន់ឲ្យរៀនតាមសាលារដ្ឋ លោកបានបំបួសកូនដើម្បីមានលទ្ធភាពរៀនបន្តតាមផ្លូវពុទ្វចក្រ ពេលកូនបានរៀនចប់មានការងារធ្វើក៏មិនបានសងគុណលោកទៀត ហើយពេលថ្ងៃការថ្ងៃជ័យសេរីសួស្តីគាត់មិនបានមកធ្វើជាមេបាចាស់ទុំបំពេញមុខកូនឲ្យបានពេញមុខមាត់ តែដូចជាសំណាងដែរដែលខាងស្រីគេមិនប្រកាន់ ខ្ញុំបានសូមលោកយាយនឹម ដែលខ្ញុំធ្លាប់ហូបបាយខែផ្ទះគាត់ ឲ្យធ្វើជាមេបាខាងខ្ញុំ(កូនកម្លោះ)ហើយលោកគ្រូ គឺម សួរ ជាអ្នកចាត់ចែងការងារទាំងអស់ក្នុងពិធីមង្គលការជំនួសមុខឲ្យឪពុកម្តាយខាងប្រុស។ នៅពេលនោះខ្ញុំអាយុ ២៥ឆ្នាំ ឯប្រពន្ធខ្ញុំអាយុ ១៥ឆ្នាំ បើគិតតាមបើប្រៀបធៀបមកពេលឥឡូវនេះគេថាខុសច្បាប់មិនទាន់គ្រប់អាយុការ តែពេលនោះស្រុកកើតសង្រ្កាមអ្នកដែលមានកូនក្រមុំចង់ឲ្យតែបានរៀបការឆាប់ៗ ព្រោះខ្លាចទាហានលន់ណុលលួចចាប់យកធ្វើប្រពន្ធ។

ការហើយបាន២ខែតែប៉ុណ្ណោះរបបលន់ណុលក៏ត្រូវបានបញ្ចប់ ដោយខ្មែរក្រហមវាយយកបានទីក្រុងភ្នំពេញនៅ ថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ក្រោយបុណ្យចូលឆ្នាំខ្មែរ១ថ្ងៃ, នៅកំពង់ធំដល់ថ្ងៃទី១៩ ទើបខ្មែរក្រហមចូលកាន់កាប់ក្រោយពីលោកអភិបាលខេត្ត ទៀប បែន ជិះអេឡេកូរត់ទៅប្រទេសថៃជាមួយលោក ក្លូត សក្ខសទ្ធិសុខន ។

ក្រោយមកអ្នកក្រុងកំពង់ធំទាំងអស់ត្រូវបានជន្លៀចេញឲ្យទៅនៅតាមទីជនបទ ផ្លូវចេញមាន២ទៅខាងជើង និងខាងត្បូង គ្រួសារខាងប្រពន្ធខ្ញុំនៅភូមិបញ្ញាជ័យ ដូច្នេះត្រូវមកតាមផ្លូវខាងត្បូងពេលចេញមកគេប្រាប់ថា ទៅតែខ្លួនទទេ បានហើយចេញតែ៣ថ្ងៃទេអង្គការឲ្យត្រឡប់មកលំនៅដ្ឋានវិញពួកប៉ុលពតបង្ខំឲ្យយើងប្រញាប់ចេញពីផ្ទះបានឲ្យឆាប់ ពេលនោះយើងយកតែរបស់សំខាន់ៗ ដូចជាខោអាវ មុង កន្ទេល អង្ករ និងមាសប្រាក់សម្រាប់ប្រើប្រាស់និងហូបចុកតាមផ្លូវប៉ុណ្ណោះអ្នកភូមិចេញធ្វើដំណើរតាមផ្លូវដូចគេហែរកថិន ធ្វើដំណើរថ្មើជើង១ថ្ងៃបានតែ១០គីឡូម៉ែត្រតែប៉ុណ្ណោះ ហើយពួកអ្នកធ្វើការរដ្ឋការលន់ណុលទាំងអស់ត្រូគេប្រមូលឲ្យទៅនៅក្នុងវត្តក្តីសែន ទីនេះហើយដែលពួកពុលពតប្រមូល អ្នកធំទាំងអស់យកទៅសម្លាប់ ដោយប្រាប់ថាអង្គការឲ្យទៅនៅដីថ្មីបង្កបង្កើតភូមិថ្មី ហើយពួកវាខ្លះនិយាយព្លយពាក្យថា អង្គការឲ្យទៅនៅផ្ទះដីដេកមុងឈើ ពាក្យនេះយើងមិនដែលឮនិងមិនចាប់អារម្មណ៍ទាល់តែសោះ ហើយពេលនោះមានអ្នកតូចខ្លះសុំអង្វរគេឲ្យបានទៅនៅដីថ្មីដែរ។ នៅពេលយប់ពួកវាដើរល្បាតឃ្លាំមើលគ្រប់កន្លែងហើយប្រាប់ថាកុំឲ្យចេញក្រៅ ខ្លាចដើរជាន់មីន ពួកអ្នកដែលស្តាប់វិទ្យុអាមេរិកកាំងទាំងអស់ ត្រូវបានប្រមូលឲ្យទៅនៅដីថ្មីទាំងអស់ នៅបានប្រហែល១០ ថ្ងៃពេលដែលប្រមូលមន្ត្រីរដ្ឋការធំៗអស់វាបញ្ជូនពួកយើងឲ្យទៅមន្ទីរសន្តិសុខតាពោ ជាកន្លែងលត់ដំ និងកាប់សម្លាប់ឆៅ ឥតត្រាប្រណៃ។ ពួកយើងត្រូវវាបង្ខំឲ្យធ្វើការគ្មានពេលសម្រាក កាប់គាស់រំលឺងដើមឈើធំៗយកដឺធ្វើស្រែនៅពេលនោះការហូបចុកចាប់ផ្តើមលំបាកអាត់តាខាត់បណ្តើរៗហើយ នៅបានប្រហែល១ខែ វាបានបញ្ជូនពួកយើងឲ្យទៅកាប់ព្រៃធ្វើផ្ទះនៅខ្លួនឯងនៅភូមិកយាដងក្តារ ស្រុកសណ្តាន់ ពួកយើងបានកាប់គាស់រានដីធ្វើផ្ទះខ្ទមនៅដោយខ្លូនឯងហើយការហូបចុក ចាប់ផ្តើមលំបាកវេទនាទៅៗ ប្រពន្ធខ្ញុំអាយុ១៦ឆ្នាំទម្ងន់បាន៧ខែ ចាញ់កូនមានការស្រេកឃ្លានអាហារយ៉ាងខ្លាំងមានខោអាវបន្តិចបន្តួចយកទៅដូរអង្ករគេមិដូរឲ្យទៀត ខិតខំដើរដូរពេញភូមិកយាដងក្តារដូរបានអំពៅ៣ដើមរស់នៅក្នុងព្រៃជ្រៅខ្លាមកលបរៀងរាល់យប់ កាលពីនៅតូចខ្ញុំឮម្តាយខ្ញុំនិយាយថា ស្រីមានផ្ទៃពោះកូនដំបូងធំក្លិន៧ស្មែងទៅដល់ខ្លានៅព្រៃជ្រៅហើយពេលយប់វាដើរហិតតាមក្លិននោះដល់ផ្ទះ បើមិនប្រយ័ត្នវាលោតចូលផ្ទះ ឬហែកជញ្ខាំងផ្ទះចូលខាំស៊ីស្រីដែលមានផ្ទៃពោះកូនដំបូងនោះ ខ្ញុំមានការបារម្ភភ័យខ្លាចយ៉ាងខ្លាំង នៅពេលថ្ងៃដើររើសកាប់គាស់គល់ឈើមកគរទុកក្រោមផ្ទះ ដល់ពេលយប់ដុតពពក់ភ្លើងជាប់មិនដែលដាច់យប់ណាទេ ខ្លាវាដើរក្រឡឹងជុំវិញផ្ទះតែមិនហ៊ានចូលឡើយ ពួកយើងបានខិតខំដាំដំឡូងមីដាំបន្លែបង្ការនិងឆ្លៀតទៅចូលព្រៃរកដំឡូវឈើ ដំឡូងទៀន ជីកក្តួច ជីកត្រពាំងធ្វើជាអាហារ អ្នកដែលបានយកខាអាវសំលៀកបំពាក់តាមខ្លួនបានច្រើន គេមិនចូលព្រៃទេគេចូលភូមិអ្នកមូលដ្ឋានដោះដូរជាអង្ករ ស្ករ ដំឡូងអំពៅធ្វើជាអាហារ។ហើយអ្វីដែលគួរឲ្យក្តៅក្រហាយនោះគឺនៅពេលដែលដំឡូងចុះមើមជិតបានដកយកមកបរិភោគហើយ វាបានជន្លៀសពួកយើងឲ្យចេញពីភូមិថ្មីនេះ ហើយបញ្ជូនពួកយើងឲ្យមកនៅភូមិស្វាយជ្រុំស្រុកសន្ទុក នៅភូមិស្វាយជ្រុំទីនេះដំបូងគេចែកស្រូវឲ្យក្នុង១ថ្ងៃស្រូវ៤កណ្តាប់ស្រូវ គឺច្រូតហើយយកមកចែកទាំងកណ្តាប់តែម្តង។ យកស្រូវមកបុកបានជាអង្ករប្រហែលកន្លះកំប៉ុងយកមកបបររាវៗ ដួសយកកាកឲ្យកូនញ៉ាំហើយខ្ញុំនិងប្រពន្ធហុតទឹកបបរ គេប្រើឲ្យយើងធ្វើការគ្មានពេលសំរាក ខ្លួនប្រាណស្គមស្គាំងសល់តែស្បែកនិងឆ្អឹងភ្នែករូងដូចខ្មោច កុំឃើងកន្លាត ជីងចក់ ឬថ្លែនវារកាត់មុខគឺចាប់ស៊ីខ្ទេចស៊ីទាំឆៅចំអិនមិនទាន់ទេ ពេលនោះដោយក្រពះស្រេកឃ្លានខ្លាំងពេក លែងគិតពីបាបបុណ្យអ្វីទាំងអស់ ខ្ញុំដែលធ្លាប់បួសមិនដែលហ៊ានសម្លាប់សត្វ មិនដែលចេះលួចពេលនេះចេះអស់ហើយ ដោយឃ្លានខ្លាំងពេក ពេលយប់ខ្ញុំទៅលួចពោតពូជដែលគេព្យួរតាមជង្រុកស្រូវ ដើរដកបន្លែដកស្ពៃដែលគេដាំតាមផ្ទះ យកមកលួចស្ងោរហូបពេលនោះបើសិនជាគេទាន់មុខជាយកទៅសម្លាប់ចោលមិនខាន បានទាក់កមាន់ដែលមករកស៊ីនៅក្នុងដីផ្ទះរបស់ខ្ញុំយក នៅក្រោមខ្ទមបាន៣ដង (មាន់៣)យកមកធ្វើម្ហូប) មានពេលមួយនោះខ្ញុំឈឺសុំគេនៅផ្ទះពេលនោះ មានឆ្កែមួយមកនៅក្រោមផ្ទះខ្ទមខ្ញុំយកខ្សែធ្វើអន្ទាក់ ស៊កតាមប្រហោងរនាបទាក់កឆ្កែអូសយកទៅលើខ្ទម យកកាំបិតអារក ត្រងយកឈាមដាក់ក្នុមួកដែល ហើយប្រលាត់ស្បែកចេញកាប់សាច់ប្រឡាក់ហើយលាក់ក្នុងកាតាបខោអាវ តែជាសំណាង ដែរដែលពួកវាមិនដឹង ក្រោយមកទើបខ្ញុំដឹងថាឆ្កែនោះជារបស់មេក្រុមឈ្មោះ ផា ជាឆ្កែបណ្តើររកសត្វព្រៃ វាដើររកហើយ និយាយថាបើដឹងថាអាណាយកឆ្កែវាស៊ីវានឹងពន្លាត់ស្បែកទាំងថ្ងៃឲ្យគេមើល ខ្ញុំនៅក្បែរនោះឡើងញាក់សាច់តែធ្វើជាមិន ដឹងហើយប្រាប់វាថាមិនដែលធ្លាប់ឃើញឆ្កែនោះទេ (សូមបង្វែរបាបកម្មទាំងឡាយទាំងពួងដែលខ្ញុំបានសាងនេះឲ្យទៅខ្មោចអាពតទទួលយកជំនួសខ្ញុំទៅចុះ ព្រោះខ្ញុំមិនចង់សម្លាប់សត្វទេ តែនេះមកពីអាពតវាធ្វើឲ្យខ្ញុំស្រេកឃ្លានខ្លាំងពេក)។

នៅរដូវប្រាំងពួកអាពតវាកេណ្ឌអ្នកភូមិឲ្យទៅភ្ជួរដាំស្រូវនៅវាលក្រោម ពេលនោះខ្ញុំក៏ត្រូវបានចាត់ឲ្យទៅដែរបររទះពីព្រឹកព្រហាមលុះដល់ថ្ងៃទេជិតលិចទើបដល់ទីដៅ។ រាងខ្ញុំស្គមដូចស្បូវកណ្តបដើរសឹងមិនរួច ខ្យល់បក់ចង់រលំវាចាត់ឲ្យទៅភ្ជួរស្រែ ឱពុទ្ធោពុទ្ធំអើយខ្ញុំមិនដែលធ្លាប់កាន់នង្គលទាល់តែសោះ ព្រឹកស្អែកឡើងជាលើកដំបូងខ្ញុំទៅភ្ជួរស្រែ មើលទៅគេជិតខាងខ្ញុំគេបរគោភ្ជួរបែកដីសំពោង ខ្ញុំទាញខ្សែគោយកមកទឹមបានម្ខាង ទៅដឹកមួយយកមកទឹមនង្គលម្ខាងទៀត ស្រាប់តែអាម្ខាងដែលទឹមហើយរបូតចេញ រត់ទៅមុខត្រុយ ខ្ញុំរត់ទៅចាប់វាយកមកទឹមម្តងទៀតស្រាប់តែអាទឹមហើយក្រោយនេះរត់ទាញនឹមនិងនង្គលទៅដល់ពាក់កណ្តាលស្រែ មេកងអាពតវាឃើញដូច្នោះវាដើរមកស្រែកសំឡុតខ្ញុំថាមិត្តឯងរកស៊ីធ្វើការរបៀបនេះ ម្តេចនឹងចិញ្ចឹមខ្លួនរស់ វាក៏ជួយចាប់គោយកមកទឹមឲ្យហើយប្រាប់ពីវិធីទឹមគោជាមួយនង្គ័ល ហើយវានៅឈរចាំមើលខ្ញុំភ្ជួរ ខ្ញុំចាប់កាន់យាមនង្គ័ល ហើយដេញគោឲ្យទៅមុខស្រេកដេញគោថាទៅ! ស្រាប់តែមេកងអាពតលាន់មាត់ថាចុញមើអាគាត់នេះវាដេញគោដូចដេញមនុស្ស ហើយពួកវាអស់សំណើចនាំគ្នាសើច ចំណែកខ្ញុំឯណេះបែកញើសទាំងព្រឹក ភ្ជួរបានប្រហែល២ម៉ែត្រដល់បុកដីរឹងមិនទប់នង្គ័លមិនជាប់ត្រូវយាមនង្គ័ល បោលដួលទាំងជំឈរ ពួវាឃើញដូច្នោះក៏ស្រែកបា្រប់ខ្ញុំថាមិត្តឯងឈប់ភ្ជួរទៅខូចដីគេអស់ហើយ ពួកវាក៏ចាត់ឲ្យអ្នកមូលដ្ឋានគ្នាវាមកភ្ជួរជំនួសខ្ញុំ លុះដល់ស្អែកឡើវាចាត់ឲ្យខ្ញុំទៅរកត្រីជាមួយអ្នកមូលដ្ឋានវិញ នេះជាកន្លែងបើស្រុកយើងឥឡូវគេថាកន្លែងខ្លាញ់ ប្រៀបបីដូចជាកន្លែងគយ ពន្ធដារអីចឹង នៅជំនាន់អាពតកន្លែងខ្លាញ់មាន ចុងភៅ អ្នកឡើងត្នោត អ្នករកត្រី មានអីដល់បានរកត្រីហូបឆ្ងាញ់ធាត់មានកម្លាំងដូចពួកមូលដ្ឋានដែរ។ នៅវាលក្រោមពេលនោះសំបូរត្រីណាស់ ព្រឹកឡើងដាក់អង្ករ៤កំប៉ុងឆ្នាំងមួយ អំបិលមួយកញ្ចប់គ្នា៤នាក់បររទេះទៅចំងាយប្រហែល៣០០ម៉ែត្រពីកន្លែងចុងភៅ ឃើញអន្លង់ចាស់ៗនៅពេញវាល ចុះទៅបារភក់មាត់អន្លង់ជំវិញឲ្យខ្ពស់ពីទឹកបន្តិចដើម្បីកុំអោយទឹកចូល នាំគ្នាចុះបាចទឹកមួយសន្ទុះឃើញក្បាលត្រីឲ្យរងោក មិនចាំបាច់រីងទឹកទេ យកព្រនងម្នាក់មួយវាយក្បាលត្រឹចាប់បោះឡើងលើគោក ក្នុងមួយកូនអន្លង់បានត្រីជិតកន្លះរទេះ បាចហើយបង្ហូរទឹកចូលវិញហើយនាំគ្នាបររទេះរកទីទួលដាំបាយ រើសយកត្រីណាដែលធំៗបីបួនមកដុតហូបយ៉ាងឆ្ងាញ់ចាស់ដៃ ស្អែកឡើងបាចអន្លង់នៅក្បែរគ្នាបន្តបន្ទាប់ៗ រំលងបានមួយសប្តាហ័វិលមកបាចកន្លែងដដែលវិញ នៅតែមានត្រីដូចពីបាចលើកមុនៗ ។ លុះភ្ជួររាស់ព្រោះស្រែវាលក្រោមរួចហើយ ក្រុមអ្នក១៧ទាំងអស់ត្រូវពួកអាពតប្រមូលយកទៅវាយចោល ពួកវាប្រាប់ថាអង្គការឲ្យទៅភ្ជួរស្រែនៅទីរួមស្រុក ពួកយើងក៏បានដាក់អីវ៉ាន់ លើរទេះទាំងអស់គ្នាហើយដើរតាមរទេះទាំងអស់គ្នា មកដល់ស្រែលើស្ថិតនៅជាប់ភូមិវាឲ្យសម្រាកនៅនឹងខ្ទមមួយ ហើយ ស្អែកឡើងវាឲ្យព្យួរនៅស្រែក្បែរនោះ យើងឆ្ងល់ដែរថាទៅភ្ជួរស្រែរួមស្រុក ហេតុអ្វីបានជាមកនៅទើត្រឹមនេះទៅវិញ ចំណែក រូបខ្ញុំដោយធ្លាប់រកត្រីវាចាត់ឲ្យរកត្រីធម្មតាជាមួយអ្នកមួយអ្នក ១៧ដូចគ្នា គឺ២នាក់ទៅរកត្រីនៅក្បែរនោះ ក្នុងការរកត្រីមាន អារម្មណ៍អាណិតអាសូរត្រី ក្តាម ខ្ចង ខែធ្លាក់ភ្លៀងដើមឆ្នាំខ្ញុំឃើងខ្ចងពាក់គ្នានៅក្បែរមាត់ផ្លូវ ខ្ញុំបានទៅចាប់ពួកវាយកទៅ ដាក់ឲ្យឆ្ងាយពីមាត់ផ្លូវចៀសវាងការចាប់យកទៅស្ងោរស៊ីពីអ្នកភូមិ(មនុស្រ) ខ្ញុំនៅចាំបានថាថ្ងៃដែលវាយកពួកខ្ញុំទៅសម្លាប់ខ្ញុំបានទៅរកត្រីជាធម្មតា ពេលល្ងាចត្រឡប់មកវិញខ្ញុំដើរក្រោយគេហើយប្រលែងត្រីអណ្តែង២ក្បាលចូលទៅក្នុងទឹកបឹងហើយនិយាយថាសូមអ្នកទៅឲ្យបានសេចក្តីសុខ ហើយជួយថែរក្សាជីវិតខ្ញុំផង លុះមកដល់រោងខ្ទម ពួកអាពតវា ឲ្យយើងដាំបាយស៊ីខុសពីធម្មតា ហូមបាយហើយវេលាព្រលប់ វាបានប្រាប់ពួកខ្ញុំថាឥឡូវនេះអង្គការមានផែនការថ្មីឲ្យក្រុម យើងទៅភ្ជួរស្រែរួមស្រុកសន្ទុក ហើយវាបានឲ្យប្រមូលអីវ៉ាន់ប្រដាប់ប្រដាមុងភួយដាក់លើរទេះ ពួកខ្ញុំដើរទាំងអស់គ្នាតាម ពីក្រោយរទេះគោ លុះមកដល់ពាក់កណ្តាលផ្លូវ ឃើញប្រធានភូមិឈ្មោះអួន មកទទួលពួកយើងដោយមានកូនក្មេងឈ្លប ២នាក់អមដំណើរមកជាមួយ និងមានពូថៅសលៀងមុខសស្ងាចសៀតនៅចង្កេះ លោក អួន ពូថៅសៀតចង្កេះផង និងលើ កាំបិតផ្គាក់មុខទើបសម្លៀងហើយមុខសស្ងាចផង ហើយបានប្រាប់ពួយយើងថា អង្គការមានការអាណិតអ្នក១៧ខ្លាំង

ណាស់ បានត្រៀមចែកក្រណាត់សម្នាក់២ម៉ែត្រ លុះធ្វើដំណើរមកដល់ក្រោមដើមពោធិមួយដើមបែកមែកសាខា ខ្ញុំបាន បន់ស្រន់លោកតាម្ចាស់ដើមពោធិនោះថា សូមលោកតាអុក្ខទេវតាដែលរស់នៅ និងថែរក្សាដើមពោធិនេះមេត្តាជួយខ្ញុំផង ពួកយើងធ្វើដំណើរបន្តប្រមាណជាកន្លះម៉ោងមកដល់ដើមធ្លកមួយដើមវាឲ្យពួកយើងឈប់រទេះនៅទីនោះ ហើយប្រាប់ឲ្យ ពួកយើងចូលទៅក្នុងរោងមួយនៅក្បែរនោះ ខ្ទមនោះនៅខាងក្រោយភូមិជាយស្បៃ ស្រុកសន្ទុក ពេលជិតស្លាប់ហើយខ្ញុំមិននឹកស្មានថាពួកវាយកយើងទៅសម្លាប់ទេ ពេលដែល ពួកវាកំពុងប្រមូលអ្នកឯទៀតឲ្យចូលទៅក្នុងររោង ខ្ញុំនិងម្នាក់ទៀតឈ្មោះសាន បានអង្គុយលើភ្លៅស្រែរង់ចាំពួកវា ប្រមូលមកដល់ក្រុមយើង ព្រោះល្ងាចនោះមានអ្នក១៧ជាច្រើនមកពីភូមិផ្សេងគ្នាត្រូវបានប្រមូលយកមកសម្លាប់ចោល និយាយគ្នាជាមួយលោក សាន (ពេលនោះពួកអាពតវាស្គាល់តែឈ្មោះមួយម៉ាត់ៗចុងក្រោយតែប៉ុណ្ណោះ ហើយពូក១៧ក៏ទម្លាប់ហៅតែឈ្មោះមួយម៉ាត់ក្រោយដូចគ្នា) លោកសានមិនដឹងជាគាត់ដឹងមកពីណាមកទេក៏និយាយថា ពួកយើងជីតស្លាប់ហើយវាប្រមូលមកនេះគឺយកសម្លាប់ចោលហើយ ខ្ញុំឮដូច្នោះក៏រន្ធត់ចិត្តនឹកដក់កូចតូចទើបនឹងចេះដើរតេះតាស់ និង នឹកដល់ប្រពន្ធដែលនៅឯផ្ទះ និងសង្វែកថាគ្រាចុងក្រោយយើងមិនបានជួបមុខគ្នាទាល់តែសោះ ហើយខ្ញុំបានបបួលលោក សាន រត់ តែលោក សាន ប្រកែកថាគាត់មិនរត់ទេ ព្រោះរត់ទៅណាក៏មិនរួចដែរ នៅកន្លែងណាក៏មានពួកគេទាំងអស់ហ្នឹង! កំពុងតែនិយាយពួកវាក៏ប្រមូលមកពួកយើង ខ្ញុំដោយភ័យខ្លាំងពេកភ្លេចយកឥវ៉ាន់ពីរទេះទៅជមួយ រៀបតែឈានចូលក្នុង របងខ្ទមនោះហើយខ្ញុំក្រឡេកឃើញ គេមានស្ពាយអីវ៉ាន់គ្រប់គ្នា ខ្ញុំក៏ប្រាប់លោក រេម ថាមិត្តខ្ញុំឥតទាន់បានយកអីវ៉ាន់មកទេ នៅឯរទេះឯនោះខ្ញុំសុំទៅយកអីវ៉ាន់បានឬទេ វាក៏ប្រាប់ថាមានអីទៅយកមក នេះមកពីវាគិតថាចង់រត់ទៅណាក៏មិនរូចដែរ ឬក៏វាមិនចង់ឲ្យខ្ញុំដឹងខ្លួនថាត្រូវយកទៅសម្លាប់ ខ្ញុំក៏បានដើរសំដៅទៅរទេះយ៉ាងលឿនហើយឆក់យកការ៉ុងអីវ៉ាន់ ភ្នែកក្រឡេកមើលពួកវាមួយខ្វាច់ ឃើញពួកកំពុងតែដើរប្រមូលមនុស្សមិនបានងាកមកមើលខ្ញុំ ខ្ញុំក៏លោតចុះ ទៅក្នុងស្មាមភ្លោះនៅក្បែរនោះ (សម័យ ប៉ុល ពត វាជីកស្នាមភ្លោះខ្វាត់ខ្វែងគ្រប់ទីកន្លែងហើយលើកភ្លៅស្រែក្នុង១ហិកតារជ្រុង ហើយខ្ញុំ ដោយឡែកនៅខាងក្រោយភូមិក៏មានស្នាមភ្លោះមួយខ្សែយ៉ាងវែង) ហើយរត់អោនយ៉ាងលឿនចេញផុតពីទីនោះប្រមាណ១គីឡូម៉ែត្រទើបឡើងពីស្នាមភ្លោះដើរធម្មតា កាត់វាលស្រែខាងក្រោយភូមិ ពេលនោះរដូវដើមវស្សា ភ្លៀងទើបនឹងធ្លាក់បានប្រហែល២ខែទឹកដក់តាមវាលស្រែ ក្នុងឆ្នាំ ១៩៧៧ ប្រហែលម៉ោង ៧យប់ រដូវរនោច ខ្ញុំឃើញលោកខែរះពាក់កណ្តាលនៅទិសខាងលិច ក្រឡេកមើលមកភូមិឃើញផ្លូវរទេះមួយសំដៅទៅថ្នល់ជាត់ ខ្ញុំចង់ចូលទៅភូមិ ប្រាប់ និងលាប្រពន្ធ កូន តែមានកូនចិត្តមួយនឹកថាកុំទៅអី ពេលនោះប្រហែលជាវាចាត់ឲ្យពួកវាមករកខ្ញុំនៅភូមិហើយ ឈរទ្រឹងមួសន្ទុះទើបធ្វើដំណើរបន្តទៀត ដោយដើរឆ្លងកាត់ផ្លូវជាតិហើយដើរឆ្ពោះទៅទិសខាងត្បូងស្របតាមផ្លូវជាតិ ខ្លាចវង្វេង មិនហ៊ានដើរលើផ្លូវជាតិទេខ្លាចជួបពួកអាពត ដើរបណ្តើរគិតបណ្តើរថាអញត្រូវទៅណា ក៏នឹកឃើញផ្ទះឪពុក ម្តាយក្មេក នៅភូមិវាំងហើយដើរកាត់ចូលពីក្រោយភូមិ ទៅជួបពួកគាត់ហើយជំរាបគាត់ថា រូបខ្ញុំត្រូវគេយកទៅវាយចោល សូមលោកទាំងពីរជួយមើលថែរក្សាប្រពន្ធ-កូន របស់ខ្ញុំផងពេលស្រុកទេសស្រួលបួលខ្ញុំនឹងវិលមករកប្រពន្ធកូនវិញពេលនោះឪពុកម្តាយក្មេកខ្ញុំឃាត់ឲ្យខ្ញុំនៅដេកជាមួយពួកគាត់មួយយប់ ចាំពេលទៀបភ្លឺសិមធ្វើដំណើរបន្តទៀត ម្តាយក្មេកខ្ញុំ បានយកថ្នាំជក់ទៅសុំដូរអង្ករគេនៅក្បែរនោះឲ្យខ្ញុំបាន២កំប៉ុងទឹកដោះគោ ដោយគាត់លើកដៃសំពះគេប្រាប់គេត្រង់ថាគាត់មានអាសន្នសុំដូរអង្ករឲ្យកូនប្រសារខ្ញុំធ្វើដំណើរទៅស្រុកវិញ ព្រោះអីនៅទៀតមិនបានគេយកទៅសម្លាប់ អ្នកជិតខាងមានការអាណិតអាសូរក៏ឲ្យអង្ករ២កំប៉ុង និងអំបិលមួយកូនកញ្ចប់តូចដោយមិនយកផ្នូរទេ ហើយគាត់ជួយលាក់លៀមរឿងនេះរហូត (នៅសម័យប៉ុល ពត អ្នកចិត្តធម៌មានតិចតួចណាស់ ភាគច្រើនជាពួកមនុស្សចាស់ៗ ឯពួកក្មេងៗវិញពួកអាពតវាបង្ហាត់ឲ្យសាហាវព្រៃផ្សៃណាស់ សូម្បីឪពុកម្តាយបង្កើតក៏វាយទៅសម្លាប់ដែរ) នេះជាសណាងខ្ញុំហើយដែលគេជួយលាក់ការ។ ខ្ញុំដេកគិតថាត្រូវរកមធ្យោបាយយ៉ាងណាដើម្បីធ្វើដំណើរតាមផ្លូវឲ្យបានស្រួល ខ្ញុំនឹកឃើញពួកអាពតវាសរសេរសំបុត្រនឹងខ្មៅដៃដើម្បីប្រើប្រាស់ សំរាប់ទាក់ទងគ្នា ខ្ញុំក៏បានសួរបងថ្លៃខ្ញុំដែលពិការនៅជាមួយម្តាយក្មេកខ្ញុំថា បងមាននៅសល់ក្រដាស់សៀវភៅ និងខ្មៅដៃ ឬទេ គាត់ថាមានហើយកកាយរកយកមកឲ្យខ្ញុំ ខ្ញុំក៏សរសេរសំបុត្រថាមិត្ត ផេង (រូបខ្ញុំ) អនុញ្ញាតមកផ្ទះឥឡួវត្រូវត្រឡប់ ទៅការរដ្ឋានទំនប់១មករាវិញ (ពេលនោះគេដឹងជាទូទៅថាអង្គការកំពុងតែជីកទំនប់ និងប្រឡាយ១មករា ហើយសេចក្តីសំបុត្រពេលនោះមានច្រើនឃ្លាជងកន្លះទំព័រខ្ញុំមិនចាំទេ តែន័យរបស់វាគឺដូចខាងលើនេះឯង) នៅពេលមាន់រងាវទៀបភ្លឺ ឪពុកក្មេកខ្ញុំបានដាស់ខ្ញុំឲ្យក្រោកធ្វើដំណើរទៅទៀត ទាំងអស់គ្នាទាំងឪពុកម្តាយ ទាំងប្អូនថ្លៃស្រី និងបងថ្លៃប្រុសសុទ្ធតែមានទឹកមុខយ៉ាងស្រងូតស្រងាត់នឹងអាណិតខ្ញុំ តែមិនដឹងជាជួយយ៉ាងម៉េចកើតទេ ក្រៅពីពាក្យជូនពរឲ្យធ្វើដំណើរសុខសប្បាយ ដោយអាងលើសំបុត្រដែលបានសរសេរក្លែងក្លាយពីយប់មិញ ខ្ញុំធ្វើដំណើរលើផ្លូវជាតិយ៉ាងក្រអឺត ស្រាប់តែពេល ភ្លឺស្រាងទៅដល់ចុងភូមិតាំងក្រសាំង ពួកឈ្លបដែលយាមនៅខ្ទបចុងភូមិនោះចេញមកឃាត់ហើយសួរថាមិត្តឯងទៅណា? ខ្ញុំភ័យបុកពោះភិបៗ ហើយនិយាយប្រាបវាថាខ្ញុំទៅការដ្ឋានទំនប់៧មករា វាក៏សួរទៀតថាមកពីអង្កាលម៉េចក៏ខ្ញុំដែលយាម នៅទីនេះមិនឃើញពេលមិត្តឯងមក ខ្ញុំក៏ប្រាប់វាថាពេលមកខ្ញុំជិះរទេះឥតបានដើរតាមផ្លូវនេះទេ ហើយក៏បានហុយសំបុត្រ យ៉ាងប្រញាប់ឲ្យវាមើល វាប្រហែលមិនចេះអក្សរទេ កាន់សំបុត្រខ្ញុំម្តងមើលបញ្ច្រាសម្តងមើលត្រូវ ហើយនិយាយថាសំបុត្រ នេះក្លែងក្លាយព្រោះឥតមានលេខ (ខ្ញុំភ្លេចឲ្យឈឹងពេលសរសរេសំបុត្រឥតមានដាក់លេខ ព្រោះពួកអាពតវាចំណាំសំបុត្រ ពិតគឺមានលេខនៅក្បាលសំបុត្រ) ខ្ញុំក៏ឆ្លើយប្រាប់វាថា មិត្តខ្ញុំឥតចេះអក្សរទេ នេះគឺខាងមិត្តនៅការដ្ឋសរសេរឲ្យ វាសំឡឹង មួយសន្ទុះក៏ប្រាប់ខ្ញុំថា មិត្តឯងនៅទៅនេះហើយកុំទៅណាចាំខ្ញុំទៅប្រាប់មេខ្ញុំសិនវាក៏យកសំបុត្រនោះទៅបង្ហាញប្រាប់មេវា ខ្ញុំគិតថាម្តងនេះគឺចប់ហើយជីវិតរបស់ខ្ញុំ មិនដឹងជារត់តាមណារួចទេព្រោះពួកវាក្មេងវារត់លឿនជាងខ្ញុំ កំពុងតែគិតស្រាប់តែមេវាចេញមកកាន់ទាំងសំបុត្រមកជាមួយដោយមានលីកាំបិតផ្គាក់ឋមុខឡើងសស្ងាចមកជាមួយ មកដល់ទល់មុខខ្ញុំ វាសួរថាមិត្តឯងទៅណាខ្ញុំក៏ប្រាប់វាថាទៅទំនប់១មករា វាមើលរូវខ្ញុំពីលើដល់ចុងហើយក៏ហុចសំបុត្រនោះឲ្យខ្ញុំហើយពោកថាមិត្តឯងទៅចុះ ខ្ញុំយកសំបុត្រនោះមកវិញហើយដើរយ៉ាងលឿនចេញពីទីនោះ ដើរឆ្ងាយផុតកន្ទុយភ្នែករបស់ពួកវាក៏ហែក សំបុត្រនោះចោលហើយចុះទៅដើរកាត់ព្រៃរបស់ វាលស្រែក្រោយភូមិ ចម្ងាយឆ្ងាយពីផ្លូវជាតិប្រមាណ៥០ម៉ែត្រ ដើរស្របផ្លូវជាត់ខ្លាចវង្វេង។ លុះដើរជិតមកដល់ស្ពានកំពង់ថ្មខ្ញុំគិតថាអុញនោះមានស្ទឹងកាត់ផ្លូវ ខ្ញុំមិនចេះហែលទឹកទេ មិនដឹងជាធ្វើយ៉ាងម៉េចទេ ខ្ញុំក៏ដើរសៀរតាមខាងក្រោយភូមិមកមើលស្ពានកំពង់ថ្មប្រុងដើរឆ្លង ស្រាប់តែឃើញពួកឈ្លបនៅ យាមទីនោះ ខ្ញុំក៏សម្រេចចិត្តដើរវាងទៅខាងក្រោយវត្តពេលនៅថ្ងៃរះខ្ពស់បន្តិចហើយ (ប្រហែលម៉ោង១០) ខ្ញុំសួរកូនក្មេង ដែលឃ្លាលគោនៅទីនោះ ពួកវាប្រាប់ថាស្ទឹងកំពង់ថ្មមិនទាន់ជោរទេមានកន្លែងខ្លះនៅរាក់អាចឆ្លងកាត់បាន ខ្ញុំអរភឺត តែនឹកឃ្លានបាយមានតែអង្ករ២កំប៉ុងឥតមានឆ្នាំងឥតមានចានអ្វីទាំងអស់មានតែកូនកាមែលមួយ ខ្ញុំបានសុំក្មេងឃ្វាលគោ ឆ្នាំងដើម្បីដាំបាយ ពេលនោះមានក្មេងម្នាក់ធំជាងគេវាមកមើលអង្ករខ្ញុំ ហើយមើលបាយរបស់វា វានិយាយថាពូឯងមិនបាច់ ដាំទេដូរគ្នាយកបាយខ្ញុំទៅហើយទុកអង្ករឲ្យខ្ញុំ ពេលនោះខ្ញុំគិតថាក្មេងនេះឆ្លាត អង្ករខ្ញុំបើដាំជាបាយបានច្រើនជាងបាយវា តែគិតថាន្ហើយដូរយកបាយក៏ស្រួលដែរ ខុសគ្នាបន្តិបន្តួចដូរទៅព្រោះប្រញាប់ធ្វើដំណើរបន្តទៀត ខ្ញុំមិនហូបបាយនៅទីនោះទេ ខ្ញុំដើរសៀរតាមវត្តរហូតដល់មាត់ស្ទឹងក្រឡេកមើលទៅស្ទឹងកំពង់ថ្មឃើញទឹកនៅបាតក្រោម ខ្ញុំដើរតាមកូនផ្លូវតូច ចុះទៅស្ទឹង ហើយដើរឆ្លងទឹកត្រជាក់ស្រេប ខ្ញុំក៏បានក្បង់ទឹកនឹងដៃយកមកផឹក និងលប់មុខ ពេលនោះមានខ្យល់ជំនោរត្រ សៀកបក់មកពីត្បូង ហើយក្រឡេកទៅត្រើយម្ខាងឃើញដើមជ្រៃធំមួយស្ថិនៅក្បែរមាត់ស្ទឹង មានសត្វសេកមួយហ្វោងកំពុង ស៊ីផ្លែពោធិស្រែកច្រៀងចម្រៀង និងសាសងគ្នាយ៉ាងខ្ញៀវខ្ញារ ខ្ញុំឈរទ្រឹងនៅកណ្តាលស្ទឹងទឹកត្រឹមជង្គង់ មានអារម្មណ៍រំជួលចិត្ត ឈរទទួលខ្យល់ជំនោររហើយត្រជាក់បក់មកពីទិសខាងត្បូង និងស្តាប់សំលេងសត្វសេកស្រែកច្រៀងឆ្លងឆ្លើយគ្នា ខ្ញុំស្រក់ទឹកភ្នែកនឹកទៅដល់ប្រពន្ធ និងកូនដែលនៅក្មេងខ្ចី ស្រាប់តែមានចិត្តមួយចង់ត្រឡប់ទៅក្រោយវិញជួបជុំគ្នា តែមាន ចិត្តមួយគិតថាតែថយក្រោយច្បាស់ជាស្លាប់សូម្បីមុខប្រពន្ធ កូនក៏មិនបានជួបផង ក៏បោះជំហានទៅមុខទាំងស្តាយស្រណោះ ឱកូនស្រីបណ្តូលចិត្ត ប្រពន្ធជាទីស្រឡាញ់ពេលនេះប៉ាលាកូន បងលាអូនហើយ មិនដឹងជាថ្ងៃណាយើងបានជួបមុខគ្នាទៀតទេ ឱជីវិតខ្ញុំទៅមុខទៀតមិនដឹងជាយ៉ាងណាទេ មិនដឹងជាទៅដល់ស្រុកកំណើត ឬក៏ត្រូវស្លាប់ពាក់កណ្តាល ផ្លូវទេ ខ្ញុំមិនស្គាល់ផ្លូវទៅស្រុកកំណើតទេ កាលនៅបួសរៀនធ្លាប់តែជិះឡានទៅមកមិនខ្វល់នឹងផ្លូវទេ ប្រាប់តែទីដៅគឺទៅដល់កន្លែងដែលចង់ទៅហើយ ពេលនេះដើរលួចលាក់ខ្លួនហើយកាត់ព្រៃថែមទៀត ខ្ញុំគិតថាបើទៅតាមផ្លូវទៅកំពង់ ចាមកាត់តាមទន្លេបិត ឆ្ងាយណាស់មិនអាចទៅរួចទេ ដូច្នេះត្រូវដើរតាមផ្លូវកាត់ក៏នឹកឃើញរឿងមួយ កាលខ្ញុំនៅបួសរៀន ធ្លាប់ទៅរៀននៅវត្តស្រែវាល គឺជិះឡានតាមផ្លូវចំការលើទៅស្ទឹងត្រង់កាត់តាមស្ពឺ និងស្រែវាល ហើយស្គាល់ចៅអធិការវត្តស្រែវាលឈ្មោះ សេក ប៊ុត ខ្ញុំក៏សម្រេចចិត្តដើរក្នុងព្រៃស្រមតាមផ្លូវជាតិទៅស្រែវាល លុះដល់ថ្ងៃត្រង់ជាក់ខ្ញុំក៏បានសម្រាក ក្រោមដើមអំពិលក្នុងព្រៃមួយដើម ហូបបាយពេលនោះខ្ញុំបានយកបាយមួយកូនដុំ និងអំបិលមួយគ្រាប់ធំដាក់លើបង្កៀប ដើមអំពិលហើយបន់ស្រន់ដល់អារុក្ខទេវតា វត្ថុសក្តិសិទ្ធិក្នុងលោកសូមជួយថែរក្សាអាយុជីវិតខ្ញុំនិងប្រពន្ធកូន និងជួយបង្ហាញផ្លូវខ្ញុំផង លុះហូបបាយរួចហើយខ្ញុំក៏បានបន្តដំណើរទៅមុខទៀតម្តងនេះក្រឡេកទៅផ្លូវជាតិឃើញស្ងាត់ ហើយដើរ ក្នុងព្រៃពិបាកពេក ក៏ឡើងមកដើរតាមផ្លូវជាតិ គួរឲ្យសង្វែកណាស់ផ្លូវថ្នល់ដែលធ្លាប់តែមានឡានបើកបរជាប់មិនដាច់ ពេលនេះស្ងាត់ជ្រងុំ ឮសូរតែសម្លេងសត្វយំឆ្លើយឆ្លងគ្នាពីម្ខាងទៅម្ខាងផ្លូវទៀត ខ្ញុំដើរបានប្រហែល២ម៉ោងផុតពីព្រៃមកដល់ វាលស្រាប់តែមានពន្លឺមួយចាំងមកចំមុខខ្ញុំមួយឆ្វាច ខ្ញុំក៏សំឡឹងមើលទៅប្រភពពន្លឺ ស្រាប់តែឃើញពួកអាពតវាកពុងឈរ រេរានៅនឹងផ្លូវឆ្ងាយពីខ្ញុំប្រហែល២០០ម៉ែត្រមិនដឹងជាពួកវាធ្វើអ្វីទេ ខ្ញុំឃើញដូច្នោះក៏ប្រញាប់ត្រឡប់ចូលទៅក្នុងព្រៃវិញយ៉ាងរហ័សហើយនៅសំម្ងំពួនក្នុងព្រៃ ចាប់ពេលយប់ទើបធ្វើដំណើរទៀត (ខ្ញុំសន្និដ្ឋានថាពន្លឺចាំងនោះជាចំណាងផ្លាតរបស់កញ្ចក់នាឡិកាដៃដែលពួកអាពតវាពាក់) លុះដល់ពេលព្រលប់ខ្ញុំបានហូវបាយបង្ហើយ ហើយមុននឹងហូបខ្ញុំបានសេន ដូចដែលខ្ញុំបានធ្វើពីលើកមុនដែរ ។ ហូបបាយហើយក៏បន្តដំណើរទាំងយប់ភូមិស្រែវាលជាទីកន្លែងដែលខ្ញុំធ្លាប់រៀន ក្រែង លបានជួបលោកគ្រូ សេក ប៊ុត ខ្ញុំដើរកាត់យប់លើដងផ្លូវជាត់ពីចំការលើទៅស្ទឹងត្រង់ ប្រហែលជាម៉ោង៩យប់ខ្ញុំបានមកដល់អនុវិទ្យាស្ពឺដែលស្ថិតនៅជាប់នឹងផ្លូវជាតិ ដើរហួសទីនេះប្រហែល១០០ម៉ែត្រ ខ្ញុំឃើញភ្លើងអំពូលមួយស្ថិតនៅចម្ងាយ ប្រហែល ៥០ម៉ែត្រពីរូបខ្ញុំ ពេលនោះខ្ញុំគិតថាប្រហែលជាភ្លើងអំពូលអគ្គិសនីនៅលើការដ្ឋានមួយរបស់ក្រុមអាពត សំឡឹង មើលយូរទៅមិនមែនទេ ភ្លើងនោះស្រាប់តែហោះធ្លោសំដៅមករកខ្ញុំ អារម្មណ៍ខ្ញុំជ្រួលច្របល់ភ័យរន្ធត់ គិតថាខ្មោចលងខ្ញុំ ហើយ ខ្ញុំខំប្រឹងភ្មេចភ្នែកអង្គុយចុះមិនហ៊ានមើលតទៅទៀតទេ ភ្មេចភ្នែកបានមួយសន្ទុះបើកភ្នែកឡើងវិញ ពុទ្ធោភ្លើងនេះ មិនហោះរលងខ្ញុំទៅបាត់ឯណា គឺនៅពីមុខខ្ញុំចម្ងាយប្រហែល៤ម៉ែត្រកំពស់ពីដីប្រហែល៥ម៉ែត្រ ចំឡែកអស្ចារ្យភ្លើងនោះ ស្រាប់តែក្លាយទៅជាដុំពណ៌សទ្រវែងរាងដូចសក់ស្កូវ ហើយនៅពីចំហៀងលេចចេញជាមុខមនុស្សពណ៌ខៀវមានរូងភ្នែក ២តែគ្មានប្រស្រីទេគឺដូចជាឆ្អឹងក្បាលមនុស្សដែលមានតែរូងភ្នែកអញ្ចឹង ហើយនៅពីក្រោមក្បាលនោះមានករាងជាស្រមោលពណ៌ខ្មៅតភ្ជាប់មកដងខ្លួនដែលដូចទីងមោងដែលគេដាក់បន្លាចចាប និងមានជើង២រាងជាស្រមោលពណ៌ខ្មៅគ្មាន ឃើញម្រាមទេ ជើងនោះមិនជាន់ជាប់នឹងដីទេនៅកំពស់ពីដីប្រហែល២ម៉ែត្រ ភាគខាងលើគឺក្បាលនៅនឹងថ្កល់ ចំណែកភាគខាងក្រោមគឺដងខ្លួន និងជើងអណ្តែតថ្មែរថ្លោលៗពីក្រោមក្បាល ខ្ញុំភ័យយ៉ាងខ្លាំងហើយបានសំពះអង្វរករ ទាំងញ័រមាត់រតាក់រតុបថា សូមលោកតាកុំធ្វើបាបខ្ញុំ ខ្ញុំដើរទាំងយប់ដូច្នេះព្រោះរត់គេចពីការសម្លាប់ពីក្រុមមនុស្សអាក្រក់ មានបំណងទៅស្រុកកំណើតដែលស្ថិតនៅក្នុងភូមិ ទេព្វនិម្មិត្ត ឃុំគរ ស្រុកត្បូវឃ្មុំ ខេត្តកំពង់ចាម សូមលោកតាម្ចាស់ទីកដី មេត្តាជួយថែរក្សាអាយុជីវិត ព្រមទាំងប្រពន្ថកូនខ្ញុំនៅភូមិស្វាយកាល់ក្បែរជើងភ្នំសន្ទុកផង សូមជួយបង្ហាញផ្លូវខ្ញុំផងខ្ញុំមិន ស្គាល់ផ្លូវណាទៅស្រុកកំណើតខ្ញុំទេ។ស្រាប់តែឃើញរូមនោះងក់ក្បាលហើយហោះធ្លោឡើងទៅលើកំពស់ពីដីប្រហែល១០ ម៉ែត្រប្រែក្លាយខ្លួនទៅជាភ្លើងដុំមូល(រាងដូចភ្លើងអំពូលមូល៦០វ៉ាត់) នៅទ្រឹងពីមុខខ្ញុំ ខ្ញុំឈរនៅទ្រឹងមួយសន្ទុះឃើញភ្លើងនោះឥតហោះទៅណាទៀង ក៏សម្រេចចិត្តដើរទៅមុខ ពេលដែលខ្ញុំដើរទៅមុខស្រាប់តែភ្លើងនោះក៏ហោះទៅមុខដែរ ខ្ញុំគិតថាលោកតាម្ចាស់ទឹកម្ចាស់ដីនាំផ្លូវខ្ញុំហើយ ខ្ញុំចង់ដឹងក៏ឈប់ស្រាប់តែឃើញភ្លើងនោះឈប់ដែរ ខ្ញុំលែងខ្លាចទៀតហើយ ខំប្រឹងដើរទៅមុខយ៉ាងលឿន ប្រហែលជាម៉ោង២យប់បានមកដល់ផ្លូវបំបែក (គឺផ្លូវមួយទៅត្រើងកំពង់ចាម និងផ្លូវមួយទៀតទៅស្រឹងត្រង់) កន្លែងនេះមានភ្លើងអគ្គិសនីភ្លឺច្រាលឃើញមានឡានទ្រុងចិន២បើកបរតាមផ្លូវ សំឡឹងរកភ្លើងនាំមុខក៏មិនឃើញ ខ្ញុំក៏រកកន្លែងងឹតដើម្បីដើរ ស្រាប់មានភ្លៀងធ្លាក់យ៉ាងខ្លាំងរន្ទះឆ្វេចឆ្វាចក្តុងក្តាំងលាន់ឮរំពងមេឃ ខ្យល់ បក់រលំដើមឈើមួយនៅខាងមុខ ខ្ញុំរត់គេចមកខាស្តាំដៃហើយដើរសរសៀរមាត់ព្រៃ ខ្ញុំវង្វែងមិនដឹងជាផ្លូវណាទៅស្ទឹងត្រង់ ទេ ក៏សម្រេចចិត្តដើរតាមផ្លូវមួយនៅខាងស្តាំដៃមកដល់កូនចម្ការតៀបមួយ ភ្លៀងនៅធ្លាក់ម្តងៗមានភ្លេចបន្ទោលភ្លឺច្រាល លាន់ក្តាំង ខ្ញុំស្រវារាករកផ្លែតៀបក្រែងលមានទុំ ប៉ះផ្លែតៀបទុំក៏បេះស៊ីអស់២ផ្លែ ហើយចេញពីចំការនោះដើរយូរៗទៅឃើញតែព្រៃឥតឃើញវាលស្រែទេ ខ្ញុំនៅចាំកាលខ្ញុំនៅបួលរៀនជិះឡានទៅភូមិស្រែវាលគឺហួសពីថ្នល់បំបែកបន្តិចមានវាល ស្រែហួសវាលស្រែគឺដល់ភូមិស្រែវាលហើយ ខ្ញុំក៏ឈប់សម្រាកក្នុងគុម្ពោតព្រៃមួយរង់ចាំឲ្យរាំងភ្លៀងសិមធ្វើដំណើរបន្ត ទៀតប្រហែលជាកន្លះម៉ោងក្រោយមកភ្លៀងក៏រាំងស្រាប់តែឃើញភ្លើងលេចធ្លោនាំខ្ញុំទៅក្រោយវិញ ខ្ញុំហាក់ដូចជាមិនចង់ជឿតែប្រថុយដើរតាមភ្លើសាកលមើល ស្រាប់តែមួយសន្ទុះក្រោយមកខ្ញុំបានមកដល់វាលស្រែសូមអរគុណចំពោះភ្លើងដែលបានជួយនាំ និងតម្រង់ផ្លូវឲ្យខ្ញុំ ក្រឡេកមើលទៅវាលស្រែឃើញភ្លើងចន្លោះផ្លុងៗឯណេះមួយឯណោះមួយ ខ្ញុំគិតថា ប្រហែលជាមានគេដើរឆ្លុះកង្កែបហើយដើរទំរាំផុតវាលស្រែភ្លឺស្រាងៗល្មម ខ្ញុំបានជួបលោកពូម្នាក់លីទ្រូក៏សួរថា នេះជាភូមិ ស្រែវាលឬពូ គាត់ថាហ្នឹងហើយចុះមិត្តឯងទៅណា? ខ្ញុំថាទៅភូមិវាលស្រែហ្នឹងចង់ជួបលោកតា សេក ប៊ុត ពីដើមលោកធ្វើ ចៅអធិការវត្តស្រែវាល ពូនោះឆ្លើយថាគាត់នៅភូមិនេះ មានប្រពន្ធនិងមានកូន១នាក់ ខ្ញុំក៏ដើរសំដៅចូលភូមិសាកសួរគេតាមផ្លូវរកផ្ទះលោកគ្រូ សេក ប៊ុត បានជួបដូចបំណង ខ្ញុំក៏ប្រាប់គាត់ថារូបខ្ញុំត្រូវគេយកទៅសម្លាប់ រត់រួចចង់ទៅភូមិកំណើត តែប្រហែលជាទៅមិនដល់ទេ ដូច្នេះសូមលោកគ្រូជួយសុំគេឲ្យខ្ញុំបាននៅក្នុងភូមិនេះផង គាត់ប្រាបថាឥឡូវគេតឹងតែងណាស់ ចាំមើលខ្ញុំទៅនិយាយគេលមើល (គាត់មិនបានហាមថាកុំឲ្យនិយាយរត់គេចពីការសម្លាប់ទេ) ហើយក៏ឲ្យទៅនៅបណ្តោះអាសន្នជាមួយលោកតាឃ្វាលគោម្នាក់ជាយភូមិ ខ្ញុំនៅទីនោះជួយឃ្វាលគោគេ ហើយហូបចុកដូចជាធូរធារជាងនៅភូមិស្វាយកាល់ស្រុកសន្ទុក(ពេលទៅឃ្វាលគោនៅវាលស្រែពូនោះគាត់ប្រាប់ខ្ញុំថា ប្រពន្ធតា សេក ប៊ុត កាត់ យួនស្អាតណាស់គេយកទៅសម្លាប់បាត់ហើយកូនក៏យកទៅសម្លាប់ជាមួយដែរព្រោះកាត់ខ្សែយួនដូចគ្នា) ខ្ញុំនឹកអរថាមិនបានដល់ស្រុកកំណើតក៏ហីចុះ នៅទីនេះក៏បានដែរ។ លុះរំលងបាន៦ថ្ងៃ ស្រាប់តែមានគេមកប្រាប់ខ្ញុំថាឲ្យទៅជួបប្រធានភូមិនៅផ្ទះរបស់គាត់ ហើយគេបាននាំខ្ញុំឲ្យទៅផ្ទះប្រធានភូមិជាមួយគេ លុះទៅដល់បានជួបប្រធានភូមិកំពុងជក់បារី ម្នាក់ស្លៀកខោខ្មៅខ្លី បង់កក្រមាក្រហមឥតមានពាក់អាវទេគេបា្រប់ខ្ញុំថា ទៅជួបប្រធានសង្កាត់ជាមួយខ្ញុំជិះកង់ជាមួយគេពីក្រោយខ្ញុំបានអង្វរករប្រធានភូមិថាសូមពូជួយនិយាយប្រធានសង្កាត់ ឲ្យខ្ញុំបាននៅភូមិនេះផង ខ្ញុំបានរត់ពីខេត្តកំពង់ធំចង់ទៅស្រុកកំណើតតែខ្ញុំមិនស្គាល់ផ្លូវទេ។ លុះទៅដល់ផ្ទះប្រធានសង្កាត់គេក៏បានប្រគល់រូបខ្ញុំឲ្យទៅប្រធានសង្កាត់ ហើយប្រធានសង្កាត់ប្រាបថាទុកវានៅទីនេះជាមួយឈ្លបសិនហើយ មិត្តឯងទៅមើលស្រែជាមួយខ្ញុំ យប់មេញភ្លៀងខ្លាំងណាស់ តែមាន ដាច់ភ្លឺត្រង់ណា អង្គការយកខ្ញុំទៅចញ្ច្រាំហើយ។ លុះប្រធានភូមិ និងប្រធានសង្កាត់ចេញបាត់ កូនឈ្លបដែលនៅយាមខ្ញុំ បានប្រាប់ថា មិត្តឯងនៅលើផ្ទះនេះហើយកំទៅណាឲ្យសោះ ខ្ញុំទៅសំលៀងកាំបិតមួយភ្លេតបើរត់កាំបិតនេះមិនត្រាប្រណើមិត្តឯងទេ ហើយវាក៏កាន់កាំបិតយកទៅសំលៀង ហាក់ដូចជាប្រាបឲ្យខ្ញុំដឹងថាហ្អែងមុខជាស្លាប់ក្រោមផ្លែកាំបិតនេះហើយ ខ្ញុំគិតថាពេលនេះអាសន្នធំហើយគេចពីជង់មកជួបអន្ទាក់ ពេលវាទៅសំលៀងកាំបិតខ្ញុំក្រឡេកទៅក្នុងទូកញ្ចក់ឃើញមានត្រីវិស័យមួយ ចង់យកដែរតែបើកទូរមិនចេញវាចាក់សោរ ចង់បំបែកកញ្ចក់ក្រែងវាឮក៏ឈប់ប៉ុនប៉ងយកត្រីវិស័យនោះ ហើយចុះយ៉ាងលឿនពីផ្ទះ ចេញមកខាងក្រៅដើរយ៉ាងលឿនសំដៅមកវាលស្រែមកដល់ស្រែដែលមានស្រូវខ្ពស់ត្រឹមក ខ្ញុំឱនរត់រហូតជិតដល់ផ្ទះខ្ទមជើងភូមិស្រែវាល ទើបដើរសំដៅទៅឆក់យកការុងអីវ៉ាន់ហើយចេញសៀតាមក្រោយខ្ទម ខ្ញុំក្រឡេកឃើញពូឃ្លាលគោកំពុងអង្គុយជាមួយកូនប្រុសរបស់គាត់នៅលើគ្រែមុខខ្ទម តែគាត់មិនឃើញខ្ញុំទេ ខ្ញុំដើរកាត់ព្រៃរបស់ខាងជើងភូមិស្រែវាល ដើរយូរៗទៅកាន់តែចូលព្រៃជ្រៅទៅៗជួបអ្នកឃ្វាលគោម្នាក់សួរគាត់ថាព្រៃនេះគេហៅព្រៃអី គាត់ថាព្រៃទួលឃ្លាំង នៅក្នុងព្រៃស្រោងនៅខាងក្រោមស្រឡះឃើញផ្លូវរទេះគោ និងផ្លូវថ្មើរជើងខ្វាត់ខ្វែងពេញព្រៃ ខ្ញុំដើរយូរទៅៗក៏វង្វែងមិនដឹងជាទៅទិសណាទេ លុះមកដល់ដើមធ្លកមួយដើមមានផ្លែជ្រុះពេញ ណាហេវហត់ផង ណាឈ្លានផងខ្ញុំអរផើតក៏រើស ផ្លែធ្លកនេះហូបមួយឆ្អែត ហើយផឹកទឹកដក់តាមផ្លូវរទេះ រួចក៏ដេកសម្រាកនៅក្រោមដើមធ្លកនោះ លក់ ទៅមួយភាំងយល់សប្តិ៍ ដូចមានគេមកប្រាប់ថាទៅទិសឥសាន្ត ខ្ញុំស្ទុះភ្ញាក់ឡើងរកមើលមនុស្សដែលនិយាយបំបាញ់ម៉េញ តែអត់ឃើញអ្វីទាំងអស់ ខ្ញុំក៏ដើរទៅតាមទិសឥសាន្តដែលខ្ញុំឮពេលយល់សប្តិ៍ (ខ្ញុំឆ្លល់ដែរថាខ្ញុំចង់ទៅទិសខាងកើតដើម្បីដល់ទន្លេ ហេតុអ្វីបានជាគេប្រាប់ថាឲ្យដើរទៅទិសឥសាន្តទៅវិញ? តែដោយសារវង្វែមានផ្លូវច្រើនពេកហើយផ្លូវទាំងនោះគ្មានផ្លូវណាទៅទិសខាងកើតមួយសោះ ទើបសម្រេចចិត្តដើរតាមការយល់សប្តិ៍)ដើរទៀមុខបើឃើញផ្លូវណាទៅទិសឥសាន្ត គឺទៅតាមផ្លូវនោះរហូតដល់ថ្ងៃជិតលិច បានចេញមកដល់វាលដែលមានព្រៃរបស់ដុះទាបៗ ដើរកាត់ព្រៃរបស់មួយ សន្ទុះបានមកដល់ផ្លូវលំចាក់គ្រួសក្រហមួយលាតសន្ធឹងពីឥសាន្តទៅនិរតី ខ្ញុំប្រុងដើរតាមផ្លូវនោះទៅទិសឥសាន្ត ស្រាប់តែ ក្រឡេកមើលទៅខាងស្តាំដៃខ្ញុំ ឃើញតាមចាស់ម្នាក់ស្លៀកខោឡាញ់ខ្មៅរលោង និងពាក់អាវពណ៍សយ៉ាងស្អាត ចង្កាវែងមានពុកម៉ាត់សក្បុះវែងអន្លាយ កំពុងអង្គុយនៅក្បែរគុម្ពឬស្សីខាងកើតផ្លូវ ខ្ញុំក៏ដើរតម្រង់ទៅរកគាត់ហើយសួរគាត់ថា លោកតាផ្លូវណាទៅទន្លេ គាត់ក៏បានឆ្លើយថា ចៅឯងដើរតាមផ្លូវជើងសៀរគុម្ពឬស្សីទៅចម្ងាយប្រហែលមួយគីឡូ ឃើញក្រោលគោមួយហើយងាកមកស្តាំដៃដើរមួយ សន្ទុះឃើញឬស្សីពីងពង់គេដាំជាជួរតាមភ្លៅស្រែ បត់ឆ្វងដើរតាមជួរឬស្សីពេញពង់នោះ ផុតរំលងមួយស្រែដល់មាត់ទន្លេហើយ ខ្ញុំក៏សំពះលាគាត់ដើរតាមអ្វីដែលគាត់បានប្រាប់ លុះដើរបានប្រហែល ១០ជំហាន ខ្ញុំងាកមកក្រោយមើលទៅលោក តាមចាស់នោះស្រាប់តែបាត់មិនឃើញ ខ្ញុំនឹកក្នុងចិត្តថាលោកតាគាត់ដើរទៅណាក៏លឿនម្ល៉េះ ហើយគាត់នៅមានខោអាវ ស្អាតស្លៀកពាក់ដែរ? ខ្ញុំគិតចុះគិតឡើងព្រឺក្បាលខ្ញាក ចុមប្រហែលជាខ្មោចលង់ទេដឹង? ឬក៏អក្នសច្ចំបង់បត់ណាមកជួយប្រាប់ផ្លូវ តែទោះបីជាខ្មោចក៏ខ្មោចល្អជាមានចិត្តធម៌ សប្បុរសមកជួយខ្ញុំ ឬជាអ្នកសច្ចំបានមកជួយខ្ញុំ គិតបណ្តើរដើរបណ្តើរផុតជួរឬស្សីពេញពង់ដល់វាលស្រែ ស្រាប់តែជួប អ្នកស្រុកមួយក្រុមដើរតម្រង់មកផ្លូវដែលខ្ញុំដើរនេះដែរ ខ្ញុំស្មាពុនស្បោងដាល់ដាក់ខោអាវអីវ៉ាន់ដើរធ្វីហីចូលជាមួយក្រុម មនុស្សទាំងនោះ ពេលនោះមានម្នាក់និយាយខ្មែរមិនច្បាស់រាងប៉ៃឡាំដូចចិន បានមកជិតខ្ញុំហើយយកត្រពាំងមួយចន្លៀស ពាក់លើស្មាខ្ញុំឲ្យជួយស្ពាយ ខ្ញុំក៏ជួយស្ពាយហើយដើរជាមួយក្រុមមនុស្សទាំងនោះ លុះមកដល់ផ្លូវបំបែកចូលភូមិ ចិននោះក៏មកយកត្រពាំងពីខ្ញុំវិញទាំងទឹកមុខសើចញឹមៗ ហើយក្រុមមនុស្សទាំងនោះក៏បែកចូលទៅផ្ទះរៀងខ្លួន ចំណែកខ្ញុំដើរសៀរ តាមភូមិសំដៅទៅមាត់ទន្លេ ក៏ចូលទៅក្នុងគុម្ពឬស្សីមួយហើយលាក់ការ៉ុងអីវ៉ាន់ក្នុងគុម្ពឬស្សី រួចហើយដើរចេញមកក្រៅខ្លួន ទទេខំសំឡឹងមើលទៅក្នុងទន្លេឃើញមានទូក៤-៥គេកំពុងដាក់មង ខ្ញុំចង់ឆ្លងទៅត្រើយខាងកើតទន្លេតែឥតចេះហែលទឹក ទេ តែចេះអុំទូក ព្រោះកាលនៅជាសង្ឃបួសនៅវត្តគរ ពេលមកបិនបាតនៅភូមិ ទេព្វនិម្មិត្តត្រូវជិះទូកឆ្លងវាលស្រែ វត្តគរមានទូកមួយសំរាប់លោកជិះបិនបាត ខ្ញុំក៏រៀនចែវចេះអុំទូកតាំងពីពេលនោះមក ហើយខ្ញុំមានបំណងឆ្លងឲ្យចំភូមិ ពាមជីលាំង ព្រោះអ្នកភូមិខ្ញុំធ្លាប់មកធ្វើប្រហុកផ្អកនៅភូមិពាមជីលាំងនេះ ខ្ញុំគិតថាច្បាស់ជាមានផ្លូវទៅភូមិខ្ញុំមិនខាន តែខ្ញុំ មិនដឹងថាភូមិពាមជីលាំងនោះស្ថិតនៅត្រង់ណាទេ គ្រាន់តែដឹងថានៅត្រើយខាងកើតទន្លេ ខ្ញុំក៏សួរកូនក្មេងដែលខ្លះកំពុង កំពុងដើរប្រសាចតាមមាត់ទន្លេ គេថានេះជាភូមិព្រែកបាក់ ហើយនៅទល់មុខនោះជាភូមិកំពង់ត្រែង ទៅខាងត្បូងឆ្ងាយពី នេះប្រហែលជា២គីឡូគឺដល់ភូមិពាមជីលាំងហើយ ។ ដល់ពេលរៀបព្រលប់ព្រឹលៗខ្ញុំឃើញទូកមួយ ១ចូលមកចតនៅគុម្ព ឬស្សីដែលខ្ញុំបានទុកការ៉ុងអីវ៉ាន់។ លុះដល់ពេលព្រលប់មានភ្លៀងធ្លាក់១មេយ៉ាងខ្លាំង ប្រហែលមួយម៉ោងខ្ញុំនៅជ្រកក្នុង គុម្ពោត១នៅក្បែរនោះ លុះមេឃរាំងភ្លៀងខ្ញដើរសំដៅទៅយកស្បោងអីវ៉ាន់ ហើយទៅរកមើលទូកដែលគេចងនៅក្បែរនោះ នៅចម្ងាយ៣-៤ម៉ែត្រក៏ឃើញទូក តែឥតឃើញច្រវ៉ាទេខ្ញុំក៏ដើររាវរកតាមគុម្ពោតតូចៗនៅក្បែរគុម្ពឬស្សីក៏ប្រទះឃើញច្រវា និងក្រឡោសំរាប់បាយទឹក ខ្ញុំក៏រុញទូកដែលពេញទៅដោយទឹកភ្លៀងមិនហ៊ានបាចនៅក្បែរនោះទេខ្លាចគេឮ គ្រាន់តែផ្អៀង ឲ្យទឹកចេញបន្តិចក៏អុំទៅដល់កណ្តាលទន្លេ ទើបបាចទឹកចេញពីទូកឲ្យអស់ ខ្ញុំអុំទូកសំដៅទៅទិសខាងត្បូងក្នុងគោល

បំណងទៅភូមិពាមជីលាំង ពេលនោះរាត្រីខែរនោចព្រះច័ន្ទរះមួយចំហៀងចោលពន្លឺព្រឹមៗមកផ្ទៃទឹក ហើយចាំងផ្លាត និងរលកទឹកទន្លេ ឃើញពន្លឺពណ៌លឿងផ្លេចៗពេញផ្ទៃទឹក ខ្ញុំខំសម្លឹងរកមើលភ្លើងដែលធ្លាប់នាំខ្ញុំកាលពីពេលនៅតាមផ្លូវទៅ ស្រែវាល តែឃើញនៅខ្ពស់ឆ្ងាយដូចជាផ្លាយព្រឹកអញ្ចឹង ខ្ញុំអុំទូកបានមួយសន្ទុះធំស្រាប់តែឮសម្លេងមនុស្សនិយាយនៅត្រើយខាងកើតទន្លេខ្ទ័រតាមតឹកមកច្បាស់ចេស ខ្ញុំក៏ស្រេកសួរទៅគេថាមិត្តអើយភូមិពាមជីលាំងនៅឯណា គេក៏ឆ្លើយប្រាប់ មកវិញថានៅត្បូងពីនេះប្រហែល១គីឡូទៀតដល់ហើយ គេសួរថាមិត្តឯងទៅភូមិពាមជីលាំងធ្វើអី ខ្ញុំឆ្លើយថាដឹកអីវ៉ាន់យក ជូនអង្គការ ។ លុះអុំទូកមួយសន្ទុះធំស្រាប់តែឃើញផ្លូវទឹកបែកជា២ ខ្ញុំសម្រេចចិត្តទៅខាងឆ្វេងដៃគឺផ្លូវទឹកដែលជាប់នឹង ត្រើយខាងកើត គ្រាន់តែអុំបាន២-៣ច្រវាស្រាប់តែឃើញភ្លើងហោះធ្លោមកពីមុខខ្ញុំ ហើយនាំខ្ញុំថយក្រោយទៅផ្លូវខាងស្តាំដៃ ពេលនោះខ្ញុំអល់ឯកមិនចង់ជឿ ក៏បន្តអុំទៅមុខទៀតបានប្រហែល៥០ម៉ែត្រក៏គឿងទូកខ្ញុំចាក់ច្រវាទៅក្នុងទឹកឮសូរប្រួកៗ ដូចជាមានគេត្រាមអីក្នុងទឹកអញ្ចឹង ហើយនៅជុំវិញខ្ញុំសុទ្ធតែព្រៃស្បាតក្រាសឃ្មឹករំព័ទ្ធវល្លិគ្រប់មុខ ខ្ញុំក៏យកច្រវាចាក់រុញ

ទូកថយក្រោយវិញ ងាករកភ្លើងឃើញកំពុងចាំខ្ញុំនៅផ្លូវបំបែក លុះខ្ញុំអុំទូកដល់ផ្លូវបំបែកស្រាប់តែភ្លើងហោះធ្លោនាំមុខខ្ញុំ ម្តងនេះខ្ញុំលែងសង្ស័យអល់ឯកហើយ ក៏អុំតាមភ្លើងរហូត លុះអំបានមួយសន្ទុះធំ ភ្លើងក៏នាំខ្ញុំអុំទូបញ្ឆិតទៅត្រើយខាងកើត ដើម្បីចូលអែបច្រាំងទន្លេ ពេលនោះខ្ញុំឮសម្លេងមនុស្សនិយាយខ្ទរតាមទឹកខ្ញុំក៏ស្រែកសួរគេថា មិត្តអើយទីនេះភូមិពាមជី

លាំងឬ? គេថាហ្នឹងហើយចូលមក ខ្ញុំអរភឹតក៏ប្រាបគេថាអរគុណខ្ញុំគ្រាន់តែចង់ដឹងទេ ខ្ញុំត្រូវធ្វើដំណើរទៅមុខទៀត ខ្ញុំនិយាយ យ៉ាងនេះព្រោះចង់គេចពីមនុស្ស ព្រោះអ្នកដែលនៅដល់ស្មើនេះគឺសុទ្ធតែពួកអង្គការហើយ ខ្ញុំក៏អុំទូកតាមភ្លើង បញ្ឆិតចូលច្រាំងទៅឲ្យឆ្ងាយពិសម្លេងមនុស្ស លុះដល់ច្រាំងហើយខ្ញុំក៏យកអីវ៉ាន់ចេញ ហើយដាក់ច្រវាលើទូករួចរុញទូកទៅ ក្នុងទន្លេវិញដោយនិយាយថា អរគុណហើយសំឡាញ់សូមឯងទៅរកម្ចាស់ដើមវិញចុះ រួចហើយខ្ញុំក៏ដើរកាត់ច្រាំងឆ្ពោះទៅ ទិសខាងកើតតាមភ្លើងដែលកំពុងតែនាំមុខខ្ញុំ នៅរដូវដើមវស្សាមានភ្លៀងធ្លាក់ មានបន្លែបង្ការជាច្រើនដែលគេដាំនៅតាម មាត់ទន្លេ ដូចជាពោត ត្រឡាច ល្ពៅ ឪឡឹក ត្រសក់ស្រូវ ដោយសារមេឃស្រឡះពន្លឺផ្កាយបានជះមកលើ់ផែនដីធ្វើឲ្យខ្ញុំអាចមើលឃើញ នូវដំណាំទាំងនោះកំពុងតែចេញក្តឹបព្រោងព្រាត ខ្ញុំបានបេះក្តឹបត្រឡាច និងត្រសក់ស្រូវហូបមួយឆ្អែត ហើយបេះមួយចំនួនទៀតដាក់ក្នុងស្បោងទុកហូបតាមផ្លូវ ពេលខ្ញុំកំពុងបេះបន្លែហូប ភ្លើងឥត ទៅណាឆ្ងាយពីខ្ញុំទេ គ្រាន់តែនៅខ្ពស់មើលទៅដូចផ្កាយព្រឹក រូចហើយខ្ញុំក៏បន្តដំណើរទៅមុខទៀត ភ្លើងបាននាំខ្ញុំដើរកាត់ ចំការបន្លែ គុម្ពឬស្សី ព្រៃរបស់ ផ្នូរខ្មោច ។ល។ មកដល់កន្លែងមួយមានអូរហូរកាត់មុខខ្ញុំ នៅតាំផ្លូវសៀរមាត់អូរ ខ្ញុំក្រឡេក ទៅត្បូងឃើញមានស្ពានឆ្លងកាត់ ខ្ញុំប្រុងឆ្លងកាត់អូរតាមស្ពាននោះ តែភ្លើងមិនព្រមនាំខ្ញុំទៅទេខ្ញុំចង់ដឹងក៏ដើរទៅមុខបន្តិច ទៀត ភ្លើងឥតមកតាមខ្ញុំទេ ខ្ញសំឡឹងទៅស្ពានឃើញរោងនោះមុខស្ពានខ្មៅស្ទុងៗ ខ្ញុំគិតថាប្រហែលជាមានមនុស្សដេកចាំ នៅទីនោះហើយបានជាភ្លើងមិននាំខ្ញុំទៅ ខ្ញុំបកក្រោមករកភ្លើវិញស្រាប់តែភ្លើនាំខ្ញុំចុះអូរ ពុទ្ធោខ្ញុំឥតចេះហែលទឹកទេ ចេះតែ ចែវទូក សំឡឹងឆ្វេងស្តាំរកទូក ឬវត្ថុអ្វីដែលអាចតោងហែលឆ្លងកាត់គឺឥតមាន ខ្ញុំក៏ដាច់ចិត្តទៅតាមភ្លើង ទឹកអូរកំពុងហូរ កួចត្របាញ់ល្អក់ខ្វល់ ឈានជើងចុះទឹកទាំងភ័យភិត ចុះបានបន្តិចត្រឹមជង្គង់ បន្ទាប់មកត្រឹងដើមទ្រូង ត្រឹមក ដល់ពាក់ កណ្តាលអូរត្រឹមចង្ការ រូចមកក៏រាក់ម្តងបន្តិចៗមកវិញរហូតឆ្លងផុតមកដល់ច្រាំង រូចហើយខ្ញុំដើរទៅមុខទៀតតាមភ្លើងទាំង ខោអាវទទឹកជោក ដើរកាត់ព្រៃរបស់មួយសន្ទុះក៏ដល់ភូមិគេមួយ ខ្ញុំមិនដឹងថាភូមិនោះឆ្ពោះអីទេព្រោះមនុស្សម្នាដេកស្ងាត់ ឈឹង ខ្ញុំដើរសៀរភូមិទៅមុខទៀតតាមភ្លើង ផុតពីភូមិបានបន្តិចមកដល់ស្រះ(បឹង)មួយយ៉ាងធំមានដើមកំផ្លោកដុះពេញ ខ្ញុំ ដើរទៅខាងជើងរកផ្លូវឆ្លងស្រាប់តែភ្លើងនាំខ្ញុំដើរឆ្លងកាត់ស្រះនោះ ខ្ញុំក៏ទៅតាមភ្លើងដើរកាត់កំផ្លោកផុងត្រឹមៗជង្គង់ កន្លែង ខ្លះត្រឹមចង្កេះ ក៏បានមកដល់ត្រើយខាងកើតហើយធ្វើដំណើរបន្តទៀតតាមភ្លើង ខ្ញុំឥតដេកទេខំដើរយ៉ាងលឿនរហូតភ្លឹស្រាងៗមកដល់ភូមិមួយទៀតពេលនោះខ្ញុំមើលភ្លើងលែងឃើញហើយ ក៏ព្យាយាមដើរទៅត្បូងរកផ្លូវទៅមុខទៀតដោយ មិនដើរកាត់ភូមិទេខ្លាចជួបអង្គការអាពត លុះមកដល់ចុងភូមិខ្ញុំក៏ដើរសៀរភូមិទៅទិសខាងកើត ដើរបានមួយស្របក់ធំ ចូលដល់វាលស្រែ ឃើញក្មេងកំពុងដឹកគោទៅឃ្លាល ពេលនោះមានមនុស្សចាស់ម្នាក់ ស្រែកសួរខ្ញុំពីចម្ងាយថាមិត្តឯងទៅ ណា? ខ្ញុំមិនឆ្លើយហើយខំប្រឹងដើរយ៉ាងលឿន គេក៏បន្ទោសក្មេងទាំងនោះថា មិត្តឯងអញ្ចឹងឃើញមនុស្សចំឡែកដើរ ឥតមានរត់ទៅស្ទាក់សួរនាំអីទេ វាគ្រាន់តែបន្ទោសគ្នា តែវាមិនរត់ដេញខ្ញុំទេប្រហែលជាវាគិតថាជាមនុស្សមិនគួរឲ្យសង្ស័យ ព្រោះខ្ញុំមានពុនវល្លិ និងការ៉ុងនៅពីក្រោយខ្នងមើលទៅហាក់ដូចជាអ្នកដើររកបោចវល្លិ ។ ខ្ញុំភ័យណាស់ដើរលឿនដូចគេរត់ ផុតពីវាលស្រែចូលព្រៃរបស់ រូចចូលដល់ចំការកៅស៊ូ ដើរក្នុងចំការកៅស៊ូយ៉ាងយូរពីព្រលឹមស្រាងហូតថ្ងៃរះផុតចុងឈើ បានមកដល់ភូមិមួយ ឃើញយាយៗម៉ែៗកំពុងដាំស្លនៅរៀងចុងភៅខ្ញុំ ក្រឡេកមើលឆ្វេងស្តាំគ្មានឃើញមនុស្សប្រុសទេ ខ្ញុំ ក៏ដាច់ចិត្តចូលសួរគាត់ ភូមិនេះឈ្មោះអី ពួកគាត់ឆ្លើយយ៉ាងប្រញាប់ថាភូមិថ្មពូន ខ្ញុំអរភឺតគិតថាជិតដល់ភូមិខ្ញុំហើយព្រោះ អ្នកភូមិខ្ញុំដែលទៅធ្វើប្រហុកផ្អកនៅភូមិពាមជីលាំងគឺឆ្លងកាត់ភូមិថ្មពូនេះ ខ្ញុំក៏សួរគាត់ទៀតថាផ្លូវណាទៅភូមិទេព្វនិមិត្ត គាត់ចង្អុលទៅផ្លូវហើយប្រាប់ថាទៅតាមផ្លូវនេះត្រង់ទៅប្រហែល២គីឡូមានផ្លូវមួយបត់ស្តាំទៅមុខដល់ភូមីទេព្វនិម្មិត្ត ហើយ ហេតុការណ៏នេះចម្លែកដែរពួកគាត់ឥតមានសួរនាំអ្វីទេ ខ្ញុំលាគាត់ហើយក៏ដើរតាមផ្លូវដែលពួកគាត់ប្រាប់ ដើរមួយសន្ទុះធំ ពេលថ្ងៃរាងទេរទៅទិសខាងលិចបន្តិចហើយ ខ្ញុំដើរមកដល់វាលស្រែនឹកថាវង្វែងហើយឥតឃើញមានផ្លូវ បត់ស្តាំសោះ ខ្ញុំងាកមើលទៅកើតឆ្ងាយឃើញកំពូលព្រះវិហារវត្តគរដែលខ្ញុំធ្លាប់បួសរៀននៅទីនោះ ខ្ញុំគិតថាអុញដើរហួស ផ្លូវចូលភូមិហើយ ហួសវាលស្រែនេះដល់ភូមិរកាពប្រាំហើយ ខ្ញុំក៏សម្រេចចិត្តដើរកាត់វាលស្រែមកទិសត្បូវដើម្បីចាក់ទៅរក ភូមិខ្ញុំ (ទេព្វនិម្មត្ត) ដើរឆ្លងបឹងកំពតមកដល់វាលស្រែមុខភូមិទេព្វនិម្មិត្ត ខ្ញុំអរហើយគិតថាដល់ភូមិអញហើយ ពេលមិនទាន់ដល់ភូមិដើរលឿនដូចគេរត់ពេលដឹងថាដល់ភូមិ ស្រាប់តែអស់កម្លាំងហឹងស្លឹកត្រចៀក ខ្ញុំក៏ឈប់សំរាកក្រោម ដើមព្រីងមួយដែលដុះលើភ្លឺស្រែ គ្រាន់តែដាក់ខ្នងដល់ដីក៏លក់វឹងរហូតដល់ថ្ងៃគងព្រៃទើមភ្ញាក់ដឹងខ្លួន ក្រឡេកមើលទៅត្បូងឃើញក្មេងម្នាក់ខ្ញុំក៏ដើរមកសួរក្មេងនោះចង់ដឹងថាឪពុកម្តាយខ្ញុំនៅក្នុងភូមិទេព្វនិមិត្តនេះឬទេ ឬក៏អង្គការជន្លៀសទៅ ណាបាត់ហើយ។ ជួបក្មេអនោះសួរថាប៉ាខ្ញុំឈ្មោះឡេង ម៉ែឈ្មោះយីម គាត់នៅក្នុងភូមិនេះឬទេ? ក្មេងនោះឆ្លើយថានៅ ខ្ញុំ អរភឺតក៏ដើរសំដៅទៅភូមិ ដើរកាត់តាមព្រៃរបស់មុខភូមិឆ្ពោះទៅរកផ្ទះខ្ញុំ ឃើញតែស្របកផ្ទះឥតមានមនុស្សនៅសោះ ខ្ញុំឡើងលើផ្ទះឥតឃើញមានអីវ៉ាន់អ្វីទាល់តែសោះ ខ្ញុំក៏ចុះហើយដើរទៅសួររកញាតិ បងប្អូនដើរតាមផ្លូវជួបនឹងពូជីដូនមួយ ឈ្មោះ ញ៉ក់ ខ្ញុំសួរគាត់ថាគូចុះប៉ា ម៉ែខ្ញុំទៅណាហើយ គាត់ក៏ភាំងមួយសន្ទុះក៏លាន់មាត់ថា អាហុងស៊្រុន ហ្អែងមកពីណា ខ្ញុំប្រាប់គាត់ថាខ្ញុំនឹកប៉ា ម៉ែខ្លាំងពេកក៏រត់ពីខេត្តកំពង់ធំមកចង់រស់នៅជាមួយគាត់វិញ គាត់ប្រាប់ថាប៉ា ម៉ែហ្អែងមិននៅក្នុង ភូមិនេះទេគាត់ទៅធ្វើការជាមួយអង្គការហើយ។ ពូញ៉ក់ក៏នាំខ្ញុំទៅជួបអ៊ី គាន អ៊ីគន់ និងញាតិមិត្តមួយចំនួនទៀត ហើយ អ៊ី គានក៏ប្រាប់ខ្ញុំថា ហ្អែងស្នាក់នៅជាមួយអញហើយ។

ពេលនោះពូញ៉ក់ក៏បាននាំខ្ញុំទៅជួបប្រធានភូមិដែលជាអ្នកភូមិជាមួយគ្នាឈ្មោះ គន់ដែរតែមិនមែនមីងខ្ញុំទេ នារីគន់ សួរនាំ ខ្ញុំយ៉ាងច្រើនជុំវិញរឿងរត់ពីកំពង់ធំ មកស្រុកកំណើតនេះ រួចហើយសួរខ្ញុំថាឥឡូវនេះមិត្តឯងចង់រស់នៅជាមួយបងប្អូនណា? ខ្ញុំថាអ៊ីគាន ។ ខ្ញុំរស់នៅភូមិទេព្វនិម្មិត្តបាន៤ថ្ងៃ ក៏ត្រូវបានប្រធានឃុំហៅទៅសួរចម្លើយ អ៊ីគាន គាត់រៀបចំអីវ៉ន់ឲ្យ ខ្ញុំទាំងទឹកមុខក្រៀមស្រពោន ហើយប្រាប់ខ្ញុំថាបើគេសួរថាចង់នៅជាមួយអ្នកណា ក្មួយឯងប្រាប់ថាចង់នៅជាមួយអ៊ីណា។ ខ្ញុំក៏ធ្វើដំណើរទៅតែម្នាក់ឯងទៅផ្ទះប្រធានសង្កាត់ដែលស្ថិតនៅភូមិក្បាលបឹងសេះ ឥតមានអ្នកនាំទេ លុះទៅដល់ផ្ទះប្រធានសង្កាត់ជួបបង សេង ដែលពីដើមធ្លាប់បួសនៅវត្តគរដែរ សួរនាំពីមូលហេតុដែលនាំឲ្យខ្ញុំរត់ពីកំពង់ធំមកភូមិកំណើត នេះ ខ្ញុំប្រាប់គាត់ដូចដែលខ្ញុំប្រាប៉ពូញ៉ក់ដូច្នោះដែរ គាត់សួរបញ្ចាក់ទៀតថាមិត្តឯងមានធ្វើទាហានទេ ខ្ញុំបា្រប់ថាអត់ទេ ខ្ញុំនៅបួសរហូត ពេលចុងក្រោយខ្ញុំទៅរៀននៅខេត្តកំពង់ធំ ។ លុះដល់ប្រធានឃុំមកពីមើលស្រែវិញ បងសេងបានប្រាប់ពីអ្វីដែលគាត់បានសួរខ្ញុំដល់ប្រធានឃុំ ហើយប្រធានឃុំក៏ប្រាប់បងសេងថាបើដូច្នេះឲ្យរស់នៅជាប្រជា ជនផ្ញើសិនទៅ បងសេងក៏សួរខ្ញុំថា មិត្តឯងចង់រស់នៅជាមួយអ្នកណា? ខ្ញុំថាជាមួយអ៊ី គាន ហើយគេក៏អនុញ្ញាតឲ្យខ្ញុំមក ភូមិទេព្វនិមិត្តវិញ ពេលមកដល់ភូមិខ្ញុំដើរសំដៅទៅរោងបាយព្រោះថ្ងៃជិតត្រង់ហើយ ពេលដល់រោងបាយស្រាប់តែមនុស្ស រត់ស្រមកសួរខ្ញុំ ថាគេឥតមានធ្វើអីមិត្តឯងទេ? គេជួយអរហើយចុងភៅក៏ដួសបាយសម្លឲ្យខ្ញុំហូប ហើយនិយាយថាមិត្តឯង សំណាងហើយ អ្នកដែលគេហៅទៅសួរចម្លើយកម្រមានអ្នកណាត្រឡប់មកភូមវិញណាស់ ខ្ញុំមិនយល់ពាក្យនេះយប់ឡើង សួរអ៊ី គាន គាត់ថាគេយកទៅសម្លាប់ហ្នឹងណា! ខ្ញុំបុកពោះផឹបៗគិតថាបើដឹងមុនមិនដឹងជាភ័យញ័រប៉ុណ្ណាទេ ហើយច្បាស់ ជាឆ្លើយរដាក់រដុប នាំឲ្យគេសង្ស័យមិនខាន ។

ខ្ញុំរស់នៅភូមិទេព្វនិម្មិត្ត ត្រូវបានអង្គការចាត់តាំងឲ្យដើរស្ទូងស្រូវចល័តក្នុងឃុំ ក្រោយមកឲ្យមកនៅចំការក្រូចខាងលិចភូមិ មកនៅចំការក្រូចដំបូងយប់ឡើងខ្ញុំទៅដេកនៅផ្ទះអ៊ីគានវិញ តែបានមួយចែខ្ញុំបានធ្វើរោងមួយហើយដេកនៅចំការក្រូចរហូតដល់ដាច់អាពត នៅទីនោះខ្ញុំបានដាំបន្លែមានត្រប ស្ពៃ អំពៅ និងចិញ្ចឹមមាន់ ទា ផ្គត់ផ្គងរោងបាយ និងក្រុមធ្វើស្រែ ចល័តក្នុងឃុំ ។ អ៊ីគាន និងកុងតុញ ចេះតែឆ្លិចសួរខ្ញុំថាតើខ្ញុំមានប្រពន្ធកូនហើយឬនៅ ហេតុអ្វីបានជារត់មកស្រុកវិញ សួរញយដងពេកទៅខ្ញុំក៏ប្រាប់គាត់ទាំង២ដោយត្រង់ថា ខ្ញុំមានប្រពន្ធហើយ មានទាំងកូនស្រី១ទៀតផង មូលហេតុដែល រត់ចោលប្រពន្ធ និងកូន មកពីគេយកទៅវាយចោល ហើយរត់រួចតាំងពីភូមិស្វាយកាល់ ស្រុកសន្ទុក ខេត្តកំពង់ធំ មកដល់ ភូមិកំណើតដោយសារមានអ្នកសច្ចំនាំផ្លូវ ហើយខ្ញុំក៏រ៉ាយរ៉ាប់ប្រាប់គាត់ ដូចអ្វីដែលខ្ញុំបាននិយាយខាងលើអញ្ខឹង ពេលនោះ អ៊ីគានក៏ប្រាប់ខ្ញុំថា ក្មួយឯងកុំនិយាយរឿងនេះប្រាប់អ្នកណាឲ្យសោះ ហើយអាខ្មៅ (ប្អូនប្រុសគាត់ធ្វើអង្គការក្នុងភូមិ) ក៏កុំ ប្រាប់វាដែរ វាធ្វើការអង្គការក្រែងវាធ្លោយមាត់ប្រាប់គេឯទៀត។

នៅចុងឆ្នាំ ១៩៧៨ អង្គការបានប្រកាសឲ្យយុវជន និងយុវនារី ក្នុងឃុំរៀបអាពាហ៍ពិពារ តែមិនចាប់បង្ខំឲ្យត្រូវតែយកអ្នកនេះ ឬអ្នកនោះទេគឺបើកសិទ្ធិឲ្យជ្រើសរើសដោយខ្លួនឯង កម៉្លោះ ក្រមុំក្នុងឃុំជ្រួលច្របល់ដើររើសគូរៀងៗខ្លួន ខ្ញុំធ្វើហី (ព្រោះមានប្រព័ន្ធរួចហើយ) ពេលនោះអ៊ី គាន សួរខ្ញុំថាហ្អែងម៉េចមិនរកគូស្រករនឹងគេទៅ? ខ្ញុំឆ្លើយថាចង់រកដែរតែខ្ញុំមានប្រព័ន្ធហើយ ក្រែងថ្ងៃក្រោយជួបគ្នាវិញ គាត់ដកដង្ហើមធំហើយនិយាយថាមិនងាយនឹងជួបទេ ស្រុកទេសនៅតែ ដូច្នេះឯងមិនងាយនឹងផ្លាស់ប្តូរទេ បើគេក្តាប់តឹងណែនយ៉ាងនេះ ។ ទាន់ខ្លួននៅក្មេងរកព្រពន្ធទៅ ពេលនោះមានបងស្រីម្នាក់ឈ្មោះភន ជាកូនចញ្ចឹមធំស៊ុយ ធំស៊ាន បានបបួលខ្ញុំឲ្យទៅមើលកូនគេនៅភូមិគោល ខ្ញុំទៅតាមគាត់ឃើញបង ប្អូនស្រី២នាក់ ម្នាក់ស និងម្នាក់ទៀតខ្មៅ ខ្ញុំក៏ចាប់ចិត្តនាងស លុះត្រឡប់មកវិញចែភនសួរថាម៉េចពេញចិត្តមួយណា ខ្ញុំថា នាងស គាត់ប្រាប់ថានាងសត្រូវជាប្អូនទេ ចុះបើខ្ញុំស្រឡាញ់តែនាងសចែឯងគិតយ៉ាងម៉េច? អើចាំអញទៅសួរម៉ែគេមើល សិនគេព្រមឲ្យកូនប្អូនយកប្តីមុខឬអត់? ទីបំផុតឪពុកម្តាយខាងស្រីក៏ព្រម ពួកយើងរៀបការចំនួន៧០គូ ពេលរៀបការបង ប្អូនខាងខ្ញុំមានតែចែភនម្នាក់ នឹងឪពុកម្តាយខាងស្រីទៅមើល នៅក្នុងរោងបាយភូមិគោល គេតម្រៀបតុជា២កាត់ ក្នុងមួយកាត់ៗមានតុ២ជួរទល់មុខគ្នាស្រីអង្គុយម្ខាង ប្រុសអង្គុយម្ខាងទល់មុខគ្នា រីឯបងប្អូនឪពុកម្តាយនៅឈរមើលពីខាងក្រៅ ពេលនោះប្រធានភូមិឡើងចាប់អារម្មណ៍ ជេរចក្រពត្រអាមេរិកកាំងមួយសន្ទុះក្រោយមកគូរទល់មុខគ្នាចាប់ដែ ហើយឲ្យពរថាសូមឲ្យមិត្តយុវជន និងយុវនារីទាំងអស់ចាប់ដៃគ្នាជាគូស្វាមីភរិយា ខិតខំបង្កបង្កើនកូនចៅឲ្យបានច្រើន ជា កម្លាំងកសាងជាតិមាតុភូមិ តាមទិសដៅមហាលោតផ្លោះមហាអស្ចារ្យរបស់អង្គការ ពួយើងក៏បានចាប់រលាក់ដៃគ្នា ហើយ នាំគ្នាហូបបបររៀងៗខ្លួន លុះត្រឡប់មកដល់ផ្ទះវិញម្តាយក្មេកខ្ញុំគាត់យកធូប៣សរសៃ(គាត់ធ្វើទុកមុន ដោយយកស្លឹកគរ ទុំៗទៅបុកឲ្យខ្ចេចម៉ត់រួចប្រោះទឹកសើមៗ ហើយយកទ្រនុងធាងដូងមកប្រនៀលលើកំទេចស្លឹកគរនោះ កើតបានជាធូប) មកអុជ និងមានមាន់ស្ងោរមួយ បាយមួយឆ្នាំង (គាត់ថាបានមកពីដោះដូរខោអាវជាមួយគេ) សែនព្រេនដូនតានៅសរសរ ក្រឡោងផុ្ទះ លុះដល់យប់ផ្សំដំណេកខ្ញុំស្រក់ទឹកភ្នែកម្នាក់ឯងនឹកដល់ប្រពន្ធ និងកូននៅខេត្តកំពង់ធំ មើលទៅយើងអស់បានជួបគ្នាហើយ ឲ្យបងសុំទោសធ្វើម្តេចបើស្រុកទេសគេអញ្ចឹង កំហុសទាំងនេះសូមឲ្យពួកអាពតវាទទួលយកជំនួសខ្ញុំ ផងចុះ ។

នៅដេកផ្ទះភូមិគោលបានមួយយប់ស្អែកឡើង នាំប្តីប្រពន្ធមកស្នាក់នៅជាមួយអ៊ីគានឯភូមិទេព្វនិមិត្តវិញ មកដល់ភូមិស្នាក់ នៅជុំគ្នាបាន៥ថ្ងៃប៉ុណ្ណោះ ប្រពន្ធខ្ញុំត្រូវអង្គការបំបែកឲ្យដើរចល័តស្ទូងស្រូវក្នុងឃុំ យូរៗបានមកដេកផ្ទះម្តងឯខ្ញុំមកចំការ ក្រូចដូចធម្មតាវិញ មិនបាននៅជួបជុំគ្នាខិតខំបង្កបង្កើនកូនដូចដែលអង្កការបានឲ្យពរនោះទេនេះជាពាក្យនិយាយឲ្យតែរួច ពីមាត់របស់ពួកអាពត ស្តាប់ទៅហាក់ដូចជាអង្គការយកចិត្តទុកដាក់រឿងគូស្រករនេះខ្លាំងណាស់ ចង់បង្កើនប្រជាជនខ្លាំងណាស់តែសម្រេចសម្រួលឲ្យនៅបែកគ្នាដដែលដូចកាលពេលឥតទាន់រៀបការអញ្ចឹង។

នៅចុងឆ្នាំ១៩៧៨ ខែ១២ កងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា គាំទ្រដោយកងទ័ពវៀតណាមបានវាយរុញច្រានពួកអាពតហើយរំដោះទឹកដីត្រើយខាងកើតទន្លេមេគង្កជាបន្តបន្ទាប់ ហើយភូមិទេព្វនិម្មិត្តត្រូវបានរំដោះពីក្រញាំបីសាចប៉ុលពត នៅខែធ្នូឆ្នាំនោះដែរ ក្រោយមករំដោះភ្នំពេញបាននៅថ្ងៃ៧មករា ឆ្នាំ ១៩៧៩ ។

ពេលស្រុកទេសត្រូវបានរំដោះថ្មីៗ ខ្ញុំនិងប្រពន្ធចុងបានបែកពីឪពុកម្តាយមកទៅចំការកៅស៊ូ២១៧ ក្នុងគោលបំណង់ធ្វើជា កម្មករចំការកៅស៊ូនៅទីនោះ ពេលនោះមានមនុស្សចូលទៅនៅក្នុងភូមិបណ្តើរៗហើយ មានប្រធានភូមិ ប្រធានក្រុមចាត់ តាំងកម្លាំងដើរកាប់ឆ្ការព្រៃសំអាតកៅស៊ូជាបណ្តើរៗហើយ ពួកអ្នកចូលចំការកៅស៊ូទាំងអស់ពុំទាន់មានប្រាក់បំណាច់ឬការឧបត្ថម្ភអ្វីទាំងអស់ ម្នាក់ៗធ្វើការដោយស្មគ្រចិត្ត ខ្ញុំនិងប្រពន្ធក្រោយបានចូលក្នុងក្រុមហើយធ្វើការដូចគេឯង ។ ហើយបានកាប់ឆ្ការដីនៅខាងក្រោយផ្ទះដាំពោត និងសណ្តែលបាយ ពេលថ្ងៃទំនេរទៅខ្វាត្រីឆ្លូញនៅអូរគគីខាងក្រោយភូមិ ខ្ញុំបានជួយអ្នកភូមិ២១៧ធ្វើដែកខ្វាត្រីឆ្លូញស្ទើរគ្រប់គ្នា។ ក្រោយមកដោយពុំទាន់មានប្រាក់ខែ ឬប្រាក់ឧបត្ថម្ភអ្វីប្រធានភូមិ និងប្រធានក្រុមក៏មិនតឹងតែងដែរ បណ្តោយអ្នកភូមិឲ្យដើររកស៊ីរៀងខ្លួន អ្នកខ្លះក៏ចេញពីភូមិទៅរកស៊ីនៅកន្លែងដទៃទៀត អ្នកខ្លះក៏នៅក្នុងភូមិនេះដដែលតែដើររកស៊ីរៀងៗខ្លួន អ្នកភូមិបែកគំនិតទៅទិញអីវ៉ាន់ពីប្រទេសវៀតណាម យកមកលក់ស្រុកខ្មែរ ឃើញគេរកស៊ីបានខ្ញុំក៏ទៅជួញជាមួយគេដែរ ខ្ញុំដើររើសគ្រឿងកង់ក្នុងភូមិមកផ្សំផ្គុំបានកង់មួយ ហើយយក ក្រវឹលប្រពន្ធ២ជី ធ្វើដើមទុនទៅវៀតណាមទិញអីវ៉ាន់គេយកមកលក់ ពេលនោះទំនិញត្រូវប៉ាន់មានតែខ្ទឹមស និងចានឆ្នាំង ខ្ញុំទិញខ្ទឹមសយកមកដើរលក់រហូតដល់ផ្លូវបំបែកស្គន់ ដើម្បីស៊ឺបដំណឹងថាតើអាចទៅកំពង់ធំបានឬនៅ ពេលទៅដល់ស្គន់ខ្ញុំឃើញគេលក់ត្រីងៀត ខ្ញុំសួរគេថាត្រីនេះយកពីណាមក? គេថាមកពីកំពង់ធំគេរកពីវាលក្រោមមក ខ្ញុំដឹងថាអាចទៅកំពង់ធំបានហើយ។ រកស៊ីរបរជួញដូរនេះបានចំណេញគ្រាន់ចញ្ចឹមក្រពះដែរ ទៅបាន៤ជើង លើកចុងក្រោយត្រូវគេប្លន់អស់រលីងពីខ្លួនវីសនឹងងាប់ទៀតផង។ ខ្ញុំមានគំនិតមួយចង់ទៅកំពង់ធំសឺបសួរគេមើល ក្រែង ប្រពន្ធ និងកូននៅរស់ ពេលនោះវៀតណាមបានដឹកអង្ករជាច្រើនមកស្តុទុកនៅឃ្លាំងទន្លេបិត ហើយមានអ្នកភូមិខ្ញុំគេទៅ ស៊ីឈ្នួលលីអង្ករនៅទីនោះដោយដូរថ្នូរជាអង្ករ ខ្ញុំបានលួងលោមប្រពន្ធក្រោយថាបងចង់ទៅលីអង្ករនឹងគេ ព្រោះយើងឥត មានដើមរកស៊ីទៀតទេមានតែកម្លាំងបាយ គាត់ក៏យល់ព្រម។ ខ្ញុំបានខ្ចីកង់បងថ្លៃខ្ញុំប្រាប់គាត់ថាទៅស៊ីឈ្នួលលីអង្ករនៅទន្លេបិត គាត់ថាកង់នឹងវាចេះតែធ្លាក់ច្រវ៉ាក់ហុងស្រ៊ុនឯងមើលទៅ បើអាចជិះកើតយកទៅ ខ្ញុំយកកង់នោះមករឹតច្រវាក់ហើយជិះសាកលមើល ជិះបានយូរដែរទំរាំធ្លាក់ច្រវាក់ៗ ខ្ញុំក៏ខ្ចីកង់គាត់រួមទាំងស្នប់ និងម៉ាឡេតសំរាប់រឹតច្រវាក់ផង។ ខ្ញុំសម្រេចចិត្តថាទៅថ្ងៃស្អែកហើយ។ ពេលល្ងាចខ្ញុំដើរកាច់ពោតទើបតែពងក្អុកដែលដាំនៅខាងក្រោយផ្ទះយកមកស្ងោរហូបជាកិច្ចលាគ្នាជាចុងក្រោយ យប់ឡើងនិយាយពាក្យប្រផ្នូលជាច្រើនប្រាប់ប្រពន្ធចុង បើបងទៅយូរមិនឃើញមកវិញ អូនឯងយកប្តីទៀតចុះជាដើម គាត់យកដៃខ្ទប់មាត់កុំឲ្យនិយាយប្រផ្នូលចំឡែកៗទៀតយ៉ាងនេះអី (កាលទើបនឹងបានគ្នា ដំបូងប្រពន្ធខ្ញុំចេះតែសួរជជីកខ្ញុំថាគាត់នេះចាស់អាយុ២៩បានយកប្រពន្ធ ប្រហែលជាពីមុនមានប្រពន្ធហើយទេដឹង? ខ្ញុំចេះតែប្រកែកជារឿយៗថាឥតមានទេ ក្រោយៗមកទៀតគាត់ចេះតែជជីកសួរដដែលៗខ្ញុំក៏ប្រាប់គាត់តាមត្រង់ថា បងមានប្រពន្ធរួចហើយមែន គេឈ្មោះ ហៀក វួចនី ព្រមទាំងមានកូនស្រី១ ឈ្មោះ សុភា ទៀតផង ដល់ប្រាប់ត្រង់គេឥត ជឿខ្ញុំ តាំងពីពេលនោះមកលែងសួរខ្ញុំពីរឿងមានប្រពន្ធនេះជារៀងរហូត) ។

ព្រលឹមឡើងប្រពន្ធខ្ញុំដាំបាយវេចខ្ចប់ រៀបចំប្រដាប់ប្រដាឲ្យខ្ញុំ ហើយថើបខ្ញុំមួយ ខ្ញុំក៏លបថើបគេមួយវិញដដែរ ជាការលាគ្នា ខ្ញុំនឹកអាណិងប្រពន្ធជាអនេកគិតថាបើបងមិនជួបប្រពន្ធដើមទេ បងនឹងវិលមករកអូនវិញជាក់ជាមិនខានឡើយ។

ខ្ញុំធ្វើដំណើរធាក់កង់មួយលុះដល់ចុងភូមិ ងាកមើលក្រោយឃើញប្រពន្ធដែលជូនដំណើរកំពុងតែឈរក្រវីដៃជាសញ្ញាលាគ្នា ខ្ញុំចង់ទន់ជង្គង់ធាក់កង់ស្ទើរតែមិនទៅមុខ ខំប្រមូលអារម្មណ៍ឡើងវិញហើយធាក់កង់សន្សឹមៗទៅមុខ មកដល់ទន្លេបិត ខ្ញុំ មិនទៅឃ្លាំងអង្ករទេ ក៏ឆ្លងទូកដរហើយធ្វើដំណើរសំដៅទៅត្រើង ដល់ត្រើងក៏ជិះបត់ស្តាំតម្រង់ទៅចំការលើ ជិះមួយថ្ងៃទល់ ល្ងាចបានទៅដល់ចំការលើហើយសុំផ្ទះអ្នកភូមិសំរាក ព្រឹកឡើងបន្តដំណើរទៅកំពង់ធំ មកដល់ស្រុកសន្ទុកខ្ញុំឆ្លៀតចូលភូមិ វាំងក្នុងគោលបំណងរកឪពុកម្តាយក្មេក ទៅដល់កន្លែងដែលពួកគាត់ធ្លាប់នៅឃើញតែដីទទេ ឥតឃើញផ្ទះទេ ខ្ញុំសួរអ្នកភូមិ ដែលរស់នៅក្បែរនោះគេប្រាប់ថា ពួកគាត់រើផ្ទះទៅនៅភូមិស្រយ៉ូវហើយ ក្នុងចំណោមអ្នកភូមិមានយាយម្នាក់គាត់ស្ទះមកសួរ ខ្ញុំថាអូហ្នឹងកូនប្រសារយាយយនដែលថាគេយកទៅវាយចោល ហើយរត់រួចនោះខ្ញុំឆ្លើយថាបាទគឺខ្ញុំហ្នឹងហើយ ឱក្មួយអាយុថ្លៃណាស់ យាយយន់មកដូរអង្ករខ្ញុំទាំងយប់ប្រាប់ត្រង់ថាកូនប្រសារត់គេចពីការសម្លាប់ ខ្ញុំក៏ឲ្យគាត់មិនយកថ្នូរអីទេ យាយនោះក៏ដកដំឡូងមីបានមួយការ៉ុងឲ្យខ្ញុំយកទៅជូនម៉ែក្មេក ខ្ញុំអរគុណគាត់ហើយក៏លាគាត់ធ្វើដំណើរបន្តទៅទៀត លុះមកដល់ភូមិស្វាយកាល់ជួបអ្នកដែលយកខ្ញុំទៅសំលាប់ ជិះកង់បញ្ច្រាសទិសគ្នា មិត្ត រេម និងមិត្ត សៅរ៍ ពូសៅរ៍បានហៅខ្ញុំទៅលេងផ្ទះ ខ្ញុំឆ្លើយថាប្រញាប់ណាស់មិនបានចូលទេចាំថ្ងៃក្រោយចុះ ។ ឯមិត្ត រេម ក៏លាន់មាត់ថា អូហ្នឹង ផេង ខ្ញុំថាហ្នឹងហើយយកគ្នាទៅវាយចោលហើយធ្វើមិនស្គាល់ ។ ខ្ញុំបន្តដំណើរទៅដល់ភូមិស្រយ៉ូវចូលទៅជួប ប្រពន្ធបងគ្រុយមុនគេ គាត់ប្រាប់ថានោះគ្រួសារប្រពន្ធផេងឯងនៅមួយខ័ណ្ឌផ្ទះខាងជើង ខ្ញុំក្រឡេកទៅជើងឃើញប្រពន្ធ សំឡឹងមកខ្ញុំធ្វើភ្នែកស្លឺ ។ ខ្ញុំស្រេកថាអានី បងមកវិញហើយឯណាកូនស្រីយើង ប្រពន្ធខ្ញុំឮសំឡេងខ្ញុំ ក៏ស្ទុះហេរមកហើយ បា្រប់ថាកូនយើយស្លាប់ហើយ ខ្ញុំក៏បានជួបជុំប្រពន្ធវិញទៅ ពេលនោះអ្នកដែលអរជាងគេគឺឪពុកក្មេកខ្ញុំ គាត់អរខ្លាំងណាស់ ហើយបានយកកង់ខ្ញុំជិះទៅប្រាប់ម៉ែក្មេកខ្ញុំដែលទៅកំពង់ធំតាំងពីព្រឹកមក ។

នៅជាមួយម្តាយក្មេកពេលនោះ(គាត់ក៏មិនមានទ្រព្យសម្បត្តិអ្វីទេ ត្រូវខ្ទេចទ្ទាំក្នុងរបបប៉ុកពតអស់ទៅហើយ) យប់ឡើងខ្ញុំទៅដេកចងសន្ទូចនៅភូមិបញ្ញាជី តែរកត្រីមិនកាក់កបសោះក្នុងមួយយប់បានត្រីបានតែមួយឬពីរគីឡូតែប៉ុណ្ណោះ ក្រោយមកឪពុកម្តាយក្មេកខ្ញុំរកលុយគេបានបន្តិចបន្តួចឲ្យខ្ញុំយកទៅរកស៊ីទិញអីវ៉ាន់ពីថ្នល់បំបែកចំការលើ យកទៅលក់នៅកំពង់ធំ ការរកស៊ីមិនកាក់កបប៉ុន្មានទេ ព្រោះខ្ញុំមិនធ្លាប់បួសរៀនមិនដែលរកស៊ីម្តងណាទេ ក្រោយមក ទ្រា សៃបានទៅពីភ្នំពេញហើយប្រាប់ខ្ញុំថានៅភ្នំពេញមានគេរកមនុស្សធ្វើគយ ខ្ញុំក៏សម្រេចចិត្តមកភ្នំពេញជួបនិងស្នាក់នៅផ្ទះ លោក ទូច ទុំ ប្រពន្ធគាត់ត្រូវជាក្មួយរបស់ម្តាយក្មេកខ្ញុំ នៅបានមួយរយៈមិនឮគេថារើសគយឡើយ ពេលនោះបង ទុំ ក៏ហៅ ខ្ញុំឲ្យចូលធ្វើការជាមួយគាត់ជាកូនចៅគាត់ នៅក្រុមហ៊ុនស្បៀងមជ្ឈឹមនៅខែកក្កដា ឆ្នាំ ១៩៧៩ ខ្ញុំក៏បានទៅយកប្រពន្ធមកនៅជាមួយ ហើយប្រពន្ធក៏បានចូលធ្វើការនៅស្បៀងមជ្ឈឹមដែរ។ នៅចុងឆ្នាំ ១៩៧៩ ខ្ញុំត្រូវបានចាត់តាំងឲ្យទៅធ្វើជាអនុប្រធានសាខាស្បៀងមជ្ឈឹមនៅក្រុងព្រះសីហនុ